FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

FASMEC ត្រៀមរៀបចំ​ពិព័រណ៍ផលិតផលខ្មែរ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»​ លើកទី៤ ​បន្ទាប់ពីទទួលបានសន្ទុះ​គាំទ្រផលិតផលខ្មែរ ​(Video inside)

10-11-2026 22:03

(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម​កម្ពុជា (FASMEC) ត្រៀមរៀបចំពិព័រណ៍ផលិតផលខ្មែរ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» លើកទី៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​ ដែលការរៀបចំពិព័រណ៍នេះធ្វើឡើងបន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលខ្មែរ​។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញផលិតផលក្នុងស្រុកដែលកម្ពុជាបានផលិត ព្រមទាំងលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសាធារណជន។ លោកឧកញ៉ាបានបន្ថែមថា ពិព័រណ៍នេះបានរៀបចំជារៀងរាល់៣ខែម្តង ហើយសម្រាប់លើកទី៤នេះ ផលិតផលខ្មែរមានរហូតដល់ទៅ ៩០% ដែលជាសញ្ញាណវិជ្ជមាននៃការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យម។

FASMEC ប្តេជ្ញាពិនិត្យគុណភាព និងតម្លៃផលិតផលឱ្យបានសមរម្យ ព្រមទាំងពង្រីកការផ្សព្វផ្សាយទៅកាន់បណ្តាខេត្តក្រុងទាំង២៥។ ពិព័រណ៍នេះមិនត្រឹមតែជាទីផ្សារលក់ដូរនោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត និងមោទកភាពជាតិ ជំរុញឱ្យប្រជាជនខ្មែរងាកមកគាំទ្រផលិតផលរបស់ខ្លួន ដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕