រដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ ចុះវាយតម្លៃបញ្ចប់សុពលភាពការងារលើកកម្រិតគុណភាព និងជួសជុលផ្លូវ ២គម្រោង នៅខេត្តកំពង់ធំ
10-11-2026 21:53
(កំពង់ធំ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារលើកកម្រិតគុណភាពផ្លូវ និងការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ២គម្រោងនៅស្រុកប្រាសាទសំបូរ និងស្រុកស្ទោង ខេត្តកំពង់ធំ។
គម្រោងទី១៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ១ ៧៦០ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
គម្រោងទី២៖ ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៥ ៥២០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ទៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ជុំវិញការចុះពិនិត្យគម្រោងខាងលើនេះ លោករដ្ឋលេខាធិការ បានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍ សម្រេចនូវសមិទ្ធផលជាច្រើន។
ភាពជោគជ័យដ៏ត្រចះត្រចង់នេះបានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋា-ភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ជុំវិញការងារផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញបង្កើតហេដ្ឋារចនា សម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ។
តាមរយៈផ្លូវខាងលើនេះ, លោករដ្ឋលេខាធិការ ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារស្ថាបនាផ្លូវ ដោយរក្សានូវគុណភាពល្អប្រសើរ ព្រោះផ្លូវជនបទមានសារៈសំខាន់ ណាស់ កាលណាយើងមានផ្លូវគ្រប់បណ្តប់ទូទាំងប្រទេស វានឹងចូលរួមចំណែកជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ចជនបទ តាមរយៈ ការដឹកជញ្ជូនកសិផលនានា ពីជនបទចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ការធ្វើកសិកម្ម របស់កសិករនៅមូលដ្ឋានផងដែរ៕










