ក្រសួងចំនួន៣ បើកប្រជុំទល់មុខគ្នា ពិភាក្សាពីផែនការជួសជុលផ្លូវឡើងវិញក្រោយរងប៉ះពាល់ដោយទឹកជំនន់
10-11-2026 21:40
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការជួសជុល និងស្តារលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្តឡើងវិញ រួមមានសំណង់ប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន លូ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
គួរបញ្ជាក់ផងដែរថា តាមរយៈអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងកសិករដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ដើម្បីស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ៕






























