ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10-11-2026 20:46
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសហប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឱកាសលោកស្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងពេលឆាប់ៗខាងមុខនេះ។
កិច្ចពិភាក្សាបានផ្តោតលើវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រួមមាន ការងារដែលត្រូវតាមដាន និងត្រូវសម្រេចចុងក្រោយ ជាពិសេសការទទួលបដិសណ្ឋារកិច្ច ពិធីការ ការរៀបចំកិច្ចពិភាក្សាតុមូល និងសន្និសីទសារព័ត៌មាន ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ក្នុងស្មារតីមិត្តភាព និងសហប្រតិបត្តិការ៕





