ក្រសួងការងារ ស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន
10-11-2026 20:28
(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីស្ត្រីជាអ្នកដឹកនាំ (SheLeads Program) ក្រោមប្រធានបទ «រៀនថ្ងៃនេះ ដឹកនាំថ្ងៃស្អែក» ដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគម។
កម្មវិធីរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងសមត្ថភាពសមាជិកសមាគមអំពីការសម្រេចចិត្ត ការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងភាពជាអ្នកដឹកនាំ សំដៅតម្រង់ទិសអ្នកដឹកនាំបន្តវេនរបស់សមាគម CWEA សម្រាប់អាណត្តិទី៦ (២០២៧-២០៣០)។
ក្នុងឱកាសនោះ លោកស្រីបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលលេចធ្លោដែលសមាគមសហគ្រិនស្ត្រីកម្ពុជាសម្រេចបានរយៈពេល១៥ឆ្នាំកន្លងមក ជាពិសេសក្នុងអាណត្តិទី៥ ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ និងការអភិវឌ្ឍសហគ្រិនភាពស្ត្រី ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ត្រីក្នុងការពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលវិជ្ជមានដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
លោកស្រីបានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងសមត្ថភាពសហគ្រិនស្ត្រីឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលកំពុងវិវត្ត តាមរយៈការលើកកម្ពស់ជំនាញឌីជីថល នវានុវត្តន៍ ចំណេះដឹងហិរញ្ញវត្ថុ ការពង្រីកឱកាសវិនិយោគនិងទីផ្សារ ព្រមទាំងការពង្រឹងភាពជាដៃគូ និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។ ជាមួយគ្នានេះ លោកស្រីបានសង្កត់ធ្ងន់លើការពង្រីកឱកាសអភិវឌ្ឍសមត្ថភាពដល់ស្ត្រីនៅតាមមូលដ្ឋាន និងការបណ្តុះបណ្តាលអ្នកដឹកនាំជាស្ត្រីជំនាន់ក្រោយ ដើម្បីជំរុញផលិតភាព ភាពប្រកួតប្រជែង និងធានានិរន្តរភាពនៃការដឹកនាំនិងការរីកចម្រើនអាជីវកម្មរបស់ស្ត្រីពីជំនាន់មួយទៅជំនាន់មួយ។
លោកស្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តសហការនិងគាំទ្រដល់ការលើកកម្ពស់សហគ្រិនភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីបង្កើតឱកាសឱ្យស្ត្រីកាន់តែមានសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង និងពង្រីកអាជីវកម្ម ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ន និងចីរភាព៕









