តុលាការជាន់ខ្ពស់ម៉ាឡេស៊ី បើកផ្លូវឱ្យអតីតនាយករដ្ឋមន្ត្រី Najib Razak ចាប់ផ្ដើមអនុវត្តទោសឃុំខ្លួនក្នុងផ្ទះ
10-11-2026 19:10
(គូឡាឡាំពួរ)៖ តុលាការជាន់ខ្ពស់ម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បានចេញដីកាថ្មីបើកផ្លូវឱ្យអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) អាចចាកចេញពីពន្ធនាគារ ទៅបន្តអនុវត្តទោសដែលនៅសេសសល់នៅក្នុងផ្ទះរបស់លោកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ចៅក្រមតុលាការជាន់ខ្ពស់ លោក Aslam Zainuddin បានសម្រេចលុបចោលដីកាចាស់កាលពីសប្ដាហ៍មុន ហើយចេញដីកាថ្មីអនុញ្ញាតឱ្យលោក Najib វ័យ ៧៣ឆ្នាំ ទៅអនុវត្តទោសឃុំខ្លួននៅគេហដ្ឋានរបស់លោកក្នុងទីក្រុងគូឡាឡាំពួរ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៨។ តាមការគ្រោងទុក អាជ្ញាធរត្រូវផ្ទេរអតីតនាយករដ្ឋមន្ត្រីរូបនេះចេញពីពន្ធនាគារ Kajang តាំងពីថ្ងៃសុក្រសប្ដាហ៍មុនម្ល៉េះ បន្ទាប់ពីគណបក្ស UMNO បានជួយបង់ប្រាក់ពិន័យចំនួន ៥០លានរីងហ្គីត (ប្រហែល ១២លានដុល្លារអាមេរិក) តាមលក្ខខណ្ឌនៃព្រះរាជទានលើកលែងទោស ប៉ុន្តែដំណើរការនេះបានជាប់គាំងទៅវិញ ដោយសារការិយាល័យអគ្គមេធាវីស្នើសុំឱ្យតុលាការបញ្ជាក់ឱ្យច្បាស់លាស់ជាមុនសិនលើខ្លឹមសារនៃដីកា។
គួរបញ្ជាក់ថា លោក Najib បានជាប់ពន្ធនាគារតាំងពីខែសីហា ឆ្នាំ២០២២ បន្ទាប់ពីតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំ ពីបទរំលោភអំណាច និងលាងលុយកខ្វក់ ពាក់ព័ន្ធនឹងការកិបកេងមូលនិធិពីក្រុមហ៊ុន SRC International ដែលជាអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធនៃមូលនិធិអភិវឌ្ឍន៍រដ្ឋ 1MDB។ ក្រោយមក ព្រះមហាក្សត្រម៉ាឡេស៊ីបានបន្ធូរបន្ថយទោសនេះមកត្រឹម ៦ឆ្នាំកាលពីដើមឆ្នាំ២០២៤ និងបានប្រទានការលើកលែងទោសដោយភ្ជាប់លក្ខខណ្ឌកាលពីខែកញ្ញាកន្លងទៅ ដើម្បីអនុញ្ញាតឱ្យលោកមកអនុវត្តទោសនៅក្នុងផ្ទះ។ យ៉ាងណាក៏ដោយ លោកនៅជាប់ទោសពន្ធនាគារ ១៥ឆ្នាំមួយករណីទៀតក្នុងសំណុំរឿង 1MDB ដដែលនេះ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តបន្ត ក្រោយពេលទោសឃុំខ្លួនក្នុងផ្ទះបញ្ចប់នៅឆ្នាំ២០២៨៕


