សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសមាគម និងក្រុមហ៊ុនចិន ដើម្បីបណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម
10-11-2026 18:37
(ភ្នំពេញ)៖ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងក្រុមហ៊ុនចិនឈានមុខចំនួន ៥ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តំណាងសហគ្រាសដៃគូពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតជាច្រើននាក់ ដើម្បីសហការបណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (E-commerce and Modern Logistic Management) ដោយផ្សារភ្ជាប់ "ការអប់រំ និងទីផ្សារការងារជាក់ស្ដែង" ។
តាមរយៈកិច្ចសហការនេះ សហគ្រាសចិននៅកម្ពុជាជាដៃគូ នឹងចូលរួមគាំទ្រយ៉ាងសកម្មដល់ការបណ្ដុះបណ្ដាល ក្រោមកម្មវិធីមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាចិន (Cambodia-China College of Economics and Commerce: CCEC) ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងផ្នែកទ្រឹស្ដី ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង តាមរយៈការចុះទស្សនកិច្ចសិក្សា កម្មសិក្សា ការដកស្រង់បទពិសោធការងារផ្ទាល់ និងការទទួលបានឱកាសធ្វើការងារភ្លាមៗ ក្នុងពេល និងក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញខាងលើនេះពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និងវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មជាំងស៊ូ (Jiangsu Vocational Institute of Commerce) ប្រទេសចិន ។
សូមជម្រាបជូនថា សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មជាំងស៊ូ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តកម្មវិធី CCEC ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលនិស្សិតកម្រិតបរិញ្ញាបត្រជំនាញពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម ដោយសិក្សានៅកម្ពុជា នៅឆ្នាំទី១ និងឆ្នាំទី៤ និងសិក្សានៅប្រទេសចិន នៅឆ្នាំទី២ និងឆ្នាំទី៣ ដែលតម្រូវឱ្យមានការអនុវត្តច្រើន, និស្សិតទទួលបានសញ្ញាបត្រចំនួន ២ គឺសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រ Diploma ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មជាំងស៊ូ។
កម្មវិធីសិក្សាកម្រិតសញ្ញាបត្រ មានរយៈពេល ៤ឆ្នាំ ប៉ុន្តែតម្រូវឱ្យនិស្សិតបង់ថ្លៃសិក្សាតែ ២ឆ្នាំ ប៉ុណ្ណោះ ជាមួយគ្នានេះ និស្សិតឆ្នើមនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពិសេសពីរដ្ឋាភិបាលចិន និងក្នុងអំឡុងពេលទៅសិក្សានៅប្រទេសចិន និស្សិតនឹងទទួលបានកន្លែងស្នាក់នៅ, ហូបចុក និងសេវាធានារ៉ាប់រងសុខភាព ជាដើម ស្របតាមសមត្ថភាពនៃការសិក្សារបស់និស្សិត និងលក្ខខណ្ឌតម្រូវរបស់វិទ្យាស្ថាន។
លើសពីនេះ, តាមរយៈ CCEC សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មជាំងស៊ូ បានរៀបចំកម្មវិធីសិក្សា ដែលតម្រង់ទិសឱ្យស្របទៅនឹងស្តង់ដាបច្ចេកទេស និងតម្រូវការជាក់ស្ដែងរបស់សហគ្រាសដៃគូ ដោយផ្ដោតលើការបណ្ដុះបណ្ដាលដែលយកការអនុវត្តជាគោល ទាំងការអនុវត្តក្នុងបន្ទប់ពិសោធ (Lab) និងការដ្ឋានការងារជាក់ស្ដែង។
តាមរយៈកិច្ចសហការខាងលើ សមាគម និងសហគ្រាសជាដៃគូនឹងផ្ដល់ឱកាសឱ្យនិស្សិតចុះអនុវត្តផ្ទាល់ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាដៃគូ ដើម្បីគាំទ្រដល់កម្មវិធីសិក្សាដែលមានការផ្ទេរចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗពីអ្នកជំនាញចិន មកកាន់យុវជនកម្ពុជា។
ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍សិស្ស និស្សិត និងសាធារណជនទាំងអស់ ចុះឈ្មោះក្នុងកម្មវិធីសិក្សាថ្មី ដែលនឹងចាប់ផ្ដើមចូលរៀនជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ លើជំនាញកំពុងមានតម្រូវការខ្ពស់ ចំនួន ២ គឺ៖
• ថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)
• ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងភស្តុភារកម្មទំនើប (Modern Logistics Management)
កម្មវិធីសិក្សាត្រូវបានអនុវត្តតាមម៉ូដែល 1+2+1 និងក្រោយបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា, កម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន៕









