ប្រធានាធិបតីកូរ៉េ ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជា និងត្រៀមអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៧
10-11-2026 17:42
(ភ្នំពេញ)៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae-myung បានផ្ញើសារលិខិតចូលរួមអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)។
នៅក្នុងសារលិខិតចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េ បានលើកឡើងក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដោយបានជ្រួតជ្រាបយ៉ាងច្បាស់អំពីអត្ថន័យដ៏ជ្រាលជ្រៅ ដែលប្រទេសទាំងពីរកូរ៉េ-កម្ពុជា បានបន្តពង្រឹង និងពង្រីកទំនាក់ទំនងប្រកបដោយកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពដ៏ស្មោះស្ម័គ្រ និងទំនុកចិត្តដ៏រឹងមាំជាមួយគ្នា។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Lee Jae-myung បានគូសបញ្ជាក់ថា នៅក្នុងឱកាសដែលប្រទេសទាំងពីរជិតឈានចូលដល់ខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរវាងកូរ៉េ និងកម្ពុជា នាឆ្នាំ២០២៧ ខាងមុខនេះ លោកទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរទៅវិញទៅមកយ៉ាងជិតស្និទ្ធលើច្រើនវិស័យបន្ថែមទៀត។
ជាចុងបញ្ចប់នៃសារលិខិត ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក៏បានប្រសិទ្ធពរជ័យមហាប្រសើរបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សូមឱ្យមានសុខភាពល្អបរិបូរ ព្រមទាំងបួងសួងសូមឱ្យព្រះរាជាណាចក្រកម្ពុជាបន្តសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាព ហើយប្រជាជនកម្ពុជាទាំងមូលជួបប្រទះតែសេចក្តីសុខ និងសុភមង្គលតរៀងទៅ៕





