ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះ ព្រះមហាក្សត្រកម្ពុជា ខណៈប្រទេសទាំងពីរប្តេជ្ញាជំរុញសន្ទុះថ្មី លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ
10-11-2026 17:26
(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានប្រកាសថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ពិធីនេះជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់លោក ក្នុងនាមជាតំណាងផ្ទាល់របស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រចាំកម្ពុជា។
យោងតាមសេចក្តីប្រកាស ការចូលកាន់តំណែងរបស់លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ធ្វើឡើងចំពេលវេលាដ៏មានសារៈសំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនងទ្វេភាគី ដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ។
ដោយផ្អែកលើសន្ទុះនៃទំនាក់ទំនងនេះ លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងពង្រីកឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ភាគីទាំងពីរក៏នឹងបង្កើនការធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រួមទាំងបណ្តាញឆបោកផងដែរ។
លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មី បានគូសបញ្ជាក់អំពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីប្រែក្លាយសន្ទុះវិជ្ជមាននៃទំនាក់ទំនងនេះ ឱ្យក្លាយទៅជាវឌ្ឍនភាពជាក់ស្តែង និងយូរអង្វែង សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក៕




