មេបញ្ជាការទ័ពអាកាស អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ នៅសាលាពលទាហានយោធភូមិភាគទី១
10-11-2026 17:20
(ស្ទឹងត្រែង)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅបញ្ជាការដ្ឋានការពារកោះឆ្នេរនៅខេត្តកំពង់ស្ពឺហើយនោះ នៅតាមសាលាហ្វឹកហ្វឺនចំនួន៧ផ្សេងទៀត ចាប់ផ្តើមរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនដល់យោធិនកាតព្វកិច្ចជាបន្តបន្ទាប់។
នៅសាលាពលទាហាន នៃយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក៏បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ដែរ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស។
ថ្លែងក្នុងពិធីបើកវគ្គនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានសម្តែងការស្វាគមន៍ និងកោតសរសើរយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធាយ៉ាងច្រើនកុះករ ប្រកបដោយស្មារតីមោះមុត ក្នុងស្មារតីការពារជាតិមាតុភូមិ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាលបាល និងក្រុមគ្រួសារនៃយោធិនកាតព្វកិច្ចទាំងអស់ ដែលបានគាំទ្រឱ្យបងប្អូន កូនចៅ ចូលបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ ប្រកបដោយស្មារតីស្នេហាជាតិខ្ពស់បំផុត។
នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជាប្រវត្តិសាស្ត្រនេះ មានគោលបំណងសំខាន់ក្នុងការផ្តល់ចំណេះដឹង ជំនាញ បទពិសោធន៍ និងការអប់រំវិន័យកងទ័ពដល់យុវជនដែលជាប្រជាជនស៊ីវិល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារជាតិ និងប្រជាជន នៅពេលប្រទេសជាតិត្រូវការ។ ការហ្វឹកហ្វឺនមិនត្រឹមតែជាការផ្ទេរចំណេះដឹងផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរការនៃការកសាងស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ សាមគ្គីភាព ភាពអត់ធ្មត់ និងការគោរពវិន័យ។
លោកមេបញ្ជាការកងទ័ពអាកាស បានសង្កត់ធ្ងន់ថា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាការ បង្ហាញស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋខ្មែរ និងជាការបន្តវេនពីយុទ្ធជនជំនាន់មុន ដើម្បីថែរក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រជាជន។ តាមរយៈវគ្គនេះ យោធិនកាតព្វកិច្ចទាំងអស់ មានការយល់ច្បាស់អំពីតួនាទី ភារកិច្ច សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងគោរពរដ្ឋធម្មនុញ្ញ ច្បាប់ វិន័យ និងបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ សឹង សំណាង ផ្តាំផ្ញើដល់សិក្ខាកាមយោធិនកាតព្វកិច្ចយោធាទាំងអស់ ត្រូវប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ដាច់ ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ការពារឱ្យបានដាច់ខាតនូវសន្តិភាព បូរណភាពទឹកដី គោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិនានា និងគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ និងអគ្គមេបញ្ជាការ។ សិក្ខាកាមកាតព្វកិច្ចយោធាគ្រប់រូប ត្រូវគោរពវិន័យ បទបញ្ជា និងក្រមសីលធម៌ឱ្យបានម៉ឺងម៉ាត់ ដោយយល់ថា ការគោរពលក្ខខណ្ឌទាំងនេះ គឺជាជោគជ័យនៃការគ្រប់គ្រងខ្លួនឯង និងជាមូលដ្ឋានគ្រឹះសម្រាប់សម្រេចគោលដៅជីវិត។
បន្ថែមពីលើនេះ ត្រូវថែរក្សាសាមគ្គីភាព មិត្តភាព ចេះជួយគ្នា លើកទឹកចិត្តគ្នា និងរួមគ្នាដោះស្រាយបញ្ហាដោយការយោគយល់ ព្រម ទាំងខិតខំរៀនសូត្រ និងហ្វឹកហាត់ ដើម្បីយកចំណេះដឹង និងបទពិសោធទៅបម្រើសហគមន៍ និងសង្គមជាតិ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន ១ម៉ឺននាក់ ឱ្យចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ។ សម្រាប់វគ្គដំបូងយុវជនចំនួន ៥ពាន់នាក់ ត្រូវបានជ្រើសរើស និងហ្វឹកហ្វឺននៅតាមសាលាហ្វឹកហ្វឺនចំនួន ៨ រយៈពេល ៣ខែ មុននឹងបញ្ជូនទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនានា ដែលការបំពេញកាតព្វកិច្ចយោធានេះរយៈមានពេល ២៤ខែ។
ការហ្វឹកហ្វឺនធ្វើឡើងមួយថ្ងៃចំនួន៧ម៉ោង ហើយមួយសប្តាហ៍៦ថ្ងៃ។ វគ្គទី២ គ្រោងនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៧៕











