FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកជាំក្សាន្ត នាំអំណោយរបស់អភិបាលខេត្តព្រះវិហារ ចែកជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ២៨គ្រួសារ នៅភូមិអានសេះ

10-11-2026 17:07

(ព្រះវិហារ)៖ ដើម្បីចូលរួមសម្រាលការលំបាក និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក យុង ហួត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាការពារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ២៨គ្រួសារ ដែលកំពុងរស់នៅជាអចិន្ត្រៃយ៍ក្នុងភូមិអានសេះ ចំណុចអូរដា។

ក្នុងឱកាសនោះលោក យុង ហួត និងលោក ចិន ខន្តី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក គីម រិទ្ធី និងលោកស្រី សុខា គងពិសី ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ពីស្ថានភាពជម្លោះប្រដាប់អាវុធ និងការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែនកន្លងមក។

ជាមួយគ្នានេះលោកទាំងពីរបានណែនាំដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តអនាម័យឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយកាត់បន្ថយការប្រើប្រាស់អំបិល ស្ករ និងខ្លាញ់។

ក្រៅពីនេះលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងកាត់ឆ្ការស្មៅជុំវិញលំនៅឋានឱ្យបានស្អាត ដើម្បីបង្ការហានិភ័យនៃការឆាបឆេះ និងអគ្គិភ័យដែលអាចកើតមានជាយថាហេតុ ខណៈរដូវប្រាំងបានចូលមកដល់។

ជាពិសេសលោកបានក្រើនរំលឹកដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យណែនាំកូនចៅតូចៗកុំប៉ះពាល់ ឬរើសវត្ថុចម្លែកដែលមិនស្គាល់អត្តសញ្ញាណ ឬសង្ស័យថាជាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយត្រូវរាយការណ៍ជូនអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់អាយុជីវិត។

អំណោយដែលនាំមកផ្តល់ជូននាពេលនេះ ក្នុង ១គ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ និងទឹកសុទ្ធវីតាល់ដបធំ ១កេស ផងដែរ៕