អភិបាលខេត្តតាកែវ ជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ និងអាជីវករលក់បង្កងក្នុងក្រុងដូនកែវ និងណែនាំឱ្យមានភាពស្មោះត្រង់ក្នុងការលក់ដូរ
10-11-2026 17:05
(តាកែវ)៖ បន្ទាប់ពីការកសាងរូបសំណាកបង្កងយក្សនៅបឹងតាកែវ ដែលធ្វើឲ្យមានភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើនឡើង ជាពិសេសភ្ញៀវទេសចរចង់ភ្លក្សរសជាតិបង្កង ដ៍ឈ្ងុយឆ្ងាញ់ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នៅរសៀលថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ ២០២៦នេះ បានចុះជួបសំណេះសំណាលជាមួយបងប្អូនភ្ញៀវទេសចរ ដែលមកភ្លក្សរសជាតិបង្កង និងជួបជាមួយអាជីវករលក់បង្កងផងដែរ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយជាមួយបងប្អូនអាជីវករលក់បង្កង លោកអភិបាលខេត្តតាកែវ បានលើកទឹកចឹត្តដល់អាជីវករទាំងអស់ត្រូវចេះទទួលស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរឲ្យបានឲ្យបានល្អប្រសើរ មិនត្រូវធ្វើឲ្យភ្ញៀវទេសចរ មានការអាក់អន់ស្រពន់ចិត្ត និងត្រូវធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តតាកែវហើយ ពេលគេត្រលប់ទៅវិញចង់ត្រលប់មកលេងខេត្តតាកែវសារជាថ្មីទៀត។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោក វ៉ី សំណាង បានណែនាំដល់អាជីវករលក់បង្កងទាំងអស់មិនត្រូវតម្លើងតម្លៃបង្កង បន្លំបង្កងចិញ្ចឹមថាបង្កងធម្មជាតិ ដែលនាំឲ្យបាត់បង់ទំនុកចិត្តពីអតិថិជន និងប៉ះពាល់ដល់បងប្អូនភ្ញៀវទេសចរផងដែរ។
គួបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធខេត្តតាកែវ បានកសាងរូបសំណាកបង្កងយក្សនៅបឹងតាកែវស្ថិតក្នុងក្រុងដូនកែវ ដោយបានចាប់ផ្ដើមដាក់សម្ពោធកាលពីចុងខែតុលា ឆ្នាំ២០២៦កន្លងមកនេះ រូបភាពបង្កងយក្សនេះត្រូវបានល្បីរន្ទឺសុះសាយតាមបណ្ដាញសង្គម ដែលនាំឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនា និងថតរូបភាពបង្កងយក្សជាពិសេសក្រុមភ្ញៀវទេសចរ ក៏ចង់ភ្លក់រសជាតិបង្កងខេត្តតាកែវដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
បើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តតាកែវ នៅថ្ងៃចុងសប្ដាហ៍មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់ បានមកទស្សនាបង្កងយក្សនៅក្នុងក្រុងដូនកែវ៕














