FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាកសិករងគ្រោះដោយទឹកជំនន់ជិត ២ពាន់គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយពីរាជរដ្ឋាភិបាល

10-11-2026 16:21

(តាកែវ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងចែកអំណោយស្បៀងអាហារសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្ញៀងចំនួន ១.៩៤៥គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

នាឱកាសនោះ លោក វ៉ី សំណាង បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូរជាប្រចាំដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយ ឬដោយសារកង្វះស្បៀងអាហារដោយគ្មានការដោះស្រាយនោះឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានអាជ្ញាធរ និងរាជរដ្ឋាភិបាលចុះជួយដោះស្រាយជាប់ជាប្រចាំ ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងមុតមាំថា ការជួបប្រទះនូវគ្រោះធម្មជាតិដូចជាជំនន់ទឹកភ្លៀងនេះ គឺជាឧបសគ្គដែលកើតឡើងជាយថាហេតុ ប៉ុន្តែអ្វីដែលជាកម្លាំងចលករដ៏មានតម្លៃបំផុតក្នុងការជម្នះរាល់ការលំបាកទាំងនោះ គឺមានតែសាមគ្គីភាព ការចេះស្រឡាញ់រាប់អាន ជួយយកចិត្តទុកដាក់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក គឺជាវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិខ្មែរយើងដែលមានតាំងពីយូយាណាស់មកហើយជាពិសេសអាជ្ញាធនិងរាជរដ្ឋាភិបាលតែងតែគិតកូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

គួបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំង ១.៩៤៥គ្រួសារ បានមួយរយៈពេលខ្លី ដោយក្នុងគ្រួសារនីមួយៗទទួលបានអំណោយស្បៀងសង្គ្រោះបន្ទាន់ រួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកសុទ្ធ ចំនួន ១កេសធំ មី ចំនួន ១កេស ត្រីខ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៉ីវ ចំនួន ១យួរ៕