ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អញ្ជើញចុះពិនិត្យអគារសិក្សាគំរូ វិទ្យាល័យអរញ្ញរស្ស៉ី «កម្មវិធីសាលារៀនជំនាន់ថ្មី» នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប
10-11-2026 15:18
(សៀមរាប)៖ ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករងភស្តុភារ ហរិញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យអគារសិក្សាគំរូ វិទ្យាល័យអរញ្ញរស្សុី »កម្មវិធីសាលារៀនជំនាន់ថ្មី» នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការចុះពិនិត្យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីតាមដានលើហេដ្ឋារចនាសម្ព័ន្ធអាគារសិក្សា, ពិនិត្យមើលគុណភាព សុវត្ថិភាព បរិស្ថានជុំវិញវិទ្យាល័យ និងការបំពាក់ឧបករណ៍សម្ភារបច្ចេកវិទ្យាទំនើបៗ នៅក្នុងបន្ទប់សិក្សា ដូចជា៖ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបណ្ណាល័យឌីជីថលជាដើម។ ព្រមទាំងសង្កេតមើលការអនុវត្តវិធីបង្រៀនបែបទំនើបផងដែរ។
ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ថ្នាក់ដឹកនាំ និងក្រុមការងារ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកែប្រែ ដើម្បីលើកមុខមាត់សាលារៀន ឱ្យក្លាយជាបរិស្ថានសិក្សាប្រកបដោយបរិយាបន្ន គុណភាព និងប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ការដែលក្រុមការងារចុះពិនិត្យអគារសិក្សាគំរូ វិទ្យាល័យអរញ្ញរស្សុី «កម្មវិធីសាលារៀនជំនាន់ថ្មី» ដើម្បីពិនិត្យមើលពីកម្មវិធីសិក្សា និងបរិស្ថានជុំវិញសាលា ដើម្បីយកកម្មវិធីសិក្សាទាំងនោះមកអនុវត្តនៅសាលារៀន ក្នុងឃុំកទ្រាំង ឲ្យកាន់តែរីកចម្រើនថែមទៀត៕













