FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ជាង២០០គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

10-11-2026 14:47

(ស្ទឹងត្រែង)៖ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុវជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះចំនួន ២២០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូ និងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក ផៃ ប៊ុនឈឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបានបញ្ជាក់ថា ការនាំយកអំណោយមកចែកជូននាពេលនេះ គឺក្នុងគោលបំណងចូលរួមជួយសម្រាលការលំបាក និងដោះស្រាយតម្រូវការជីវភាពជូនដល់បងប្អូនប្រជាពលរដ្ឋបានមួយគ្រា ជាពិសេសគ្រួសារដែលកំពុងជួបការខ្វះខាត និងជនងាយរងគ្រោះ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ខិតខំបង្កបង្កើនផល ដាំដុះដំណាំផ្សេងៗតាមលទ្ធភាព និងធនធានដែលមាននៅក្នុងមូលដ្ឋាន ដើម្បីបង្កើនផលិតផលកសិកម្ម បំពេញតម្រូវការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ លោក ផៃ ប៊ុនឈឿន ក៏បានជំរុញ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោត និងចូលរួមអនុវត្តនីតិវិធីចុះឈ្មោះ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនមានភាពត្រឹមត្រូវ និងអាចប្រើប្រាស់បានតាមនីតិវិធីច្បាប់។

សកម្មភាពចែកអំណោយ និងការជួបសំណេះសំណាលនាពេលនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងខេត្តស្ទឹងត្រែង៕