FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង នាំយកកៅអី និងតុ សំរាបកុមារតូច ជូនដល់សាលាបឋមសិក្សាស្រិត

10-11-2026 14:42

(សៀមរាប)៖ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករងភស្តុភារ ហរិញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកន្ទ្រាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកកៅអី ចំនួន១៥០ និងតុ សំរាប់ថ្នាក់សិក្សាកុមារតូច ជូនដល់សាលាបឋមសិក្សាស្រិត ស្ថិតនៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប្រធានក្រុមការងារ បានលើកឡើងថា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការទ្រទ្រង់ដល់ការសិក្សារបស់ថ្នាក់សិក្សាកុមារតូច និងថ្នាក់មត្តេយ្យសិក្សា ដើម្បីធានាបាននូវភាពងាយស្រួល និងផាសុខភាពក្នុងពេលបំពេញសកម្មភាពអប់រំប្រចាំថ្ងៃ។

ការផ្ដល់ជូននូវសម្ភារៈទាំងនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារ ក្នុងការលើកកម្ពស់បរិស្ថានសិក្សាថ្នាក់ដំបូង (កុមារតូច) ឱ្យកាន់តែប្រសើរឡើង ដែលជាគ្រឹះស្ថានដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់អនាគត។

តំណាងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងកុមារតូចៗទាំងអស់ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ក្រុមការងារ ដែលតែងតែគិតគូរ និងជួយឧបត្ថម្ភដល់សាលារៀន ក៏ដូចជាការអភិវឌ្ឍមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា កន្លងមកនេះ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ក៏បានជួយជួសជុលឡើងវិញនូវអគារសិក្សាសាលាបឋមសិក្សាស្រិត ១ខ្នង ៧បន្ទប់ ចំណាយថវិកា ចំនួន ៣២ ៣៨៣ ដុល្លារផងដែរ។

សូមជម្រាបថា ក្នុងអំឡុងពេលនាំយកកៅអី និងតុ ជូនដល់សាលាបឋមសិក្សាស្រិត នាពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ក៏បានសម្រេចចិត្តជួយជួសជុល ការ៉ូ នៅតាមបន្ទប់រៀន និងបំពាក់អំពូលសូឡាក្នុងបរិវេនសាលារៀនដើម្បីជូនដល់ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សប្រជាពលរដ្ធជុំវិញ សំរាប់ធ្វើលំហាត់ប្រាណដើម្បីសុខភាព អោយកាន់តែប្រសើរ និង ដើម្បីលើកសោភ័ណភាពក្នុងបរិវេនសាលា ឲ្យកាន់តែស្រស់ស្អាតថែមទៀត៕