សំណើ សំណូមពរ និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ១០ករណី ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកកងមាស
10-11-2026 14:35
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅស្រុកកងមាស បានលើកឡើងសំណើ សំណូមពរ និងទុក្ខកង្វល់ ១០ករណី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៦។
ពិធីនេះធ្វើឡើង នៅក្នុងបរិវេណ វត្តរកាអារ ស្ថិតនៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពី សកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។
ចំណែកឯ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នា បានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកអភិបាលរងខេត្ត បន្តថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកឡើងជាសំណួរ ក្តីកង្វល់ សំណើ សំណូមពរ បានចំនួន ១០ករណី និងបានឆ្លើយតប បកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន។ ដោយឡែក សំណូមពរដែលនៅសេសសល់ នឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗផងដែរ៕










