កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនស្ត្រីត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា
10-11-2026 14:28
(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់បងប្អូនស្ត្រីដែលត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា ព្រមទាំងភ្ញៀវកិត្តិយស ក្រុមគ្រូពេទ្យ និងយុវជនកាកបាទក្រហមមួយចំនួនទៀត។
ក្នុងឱកាសសំណេះសំណាល លោកស្រី អាំង សុជាតា ខូយរីដា បានលើកឡើងថា ការថែទាំសុខភាពមាតា និងទារកឱ្យបានល្អ ចាប់តាំងពីនៅក្នុងផ្ទៃ គឺជាជំហានដំបូងបង្អស់ ក្នុងការធានាថាកុមារដែលកើតមកមានសុខភាពល្អបរិបូរណ៍ ប្រកបដោយប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
លោកស្រីបានបន្ថែមថា សកម្មភាពចុះសួរសុខទុក្ខនេះ គឺត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ និងសារគន្លឹះដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខមាលភាពរបស់ស្ត្រីជាមាតា ទារក និងកុមារ នៅទូទាំងប្រទេស។
លោកស្រីប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ស្ត្រីមានផ្ទៃពោះធម្មតា ត្រូវទៅពិនិត្យសុខភាពយ៉ាងតិច ៤ដង ហើយចំពោះស្ត្រីដែលមានសុខភាពមិនប្រក្រតី ត្រូវទៅពិនិត្យយ៉ាងតិច ៨ដង តាមការណែនាំរបស់គ្រូពេទ្យឆ្មប នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុត។ ករណីមានសុខភាពមិនប្រក្រតី គួរជ្រើសរើសការសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានឧបករណ៍ បរិក្ខារ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងកូន។ ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុង៦ខែដំបូង និងនាំកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗឱ្យបានទៀងទាត់តាមកាលវិភាគ។ ក្រៅពីការលេបថ្នាំពន្យារ ត្រូវបរិភោគអាហារមានជីវជាតិ និងសម្រាកឱ្យបានពី ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធស៊ាំរាងកាយ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី និងគណៈប្រតិភូ បានប្រគល់អំណោយមនុស្សធម៌ ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្ត រួមមាន៖
ទី១-ស្ត្រីត្រៀមសម្រាល ៦នាក់ និងស្ត្រីទើបសម្រាលកូន ៥នាក់ សរុបចំនួន ១១នាក់ ក្នុងម្នាក់ៗទទួលបាន មុង ១, សារុង ២, អាវយឺត ២, កន្សែងពោះគោ ១, ឈុតកូនង៉ា ១ថង់, សាប៊ូម្សៅ ១ដុំ, សាប៊ូក្រអូប ១កំប៉ុង, ម្សៅកូនង៉ា និងថវិកា ៥ម៉ឺនរៀល។
ទី២-អ្នកផ្ទុកមេរោគអេដស៍ ចំនួន២នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, កញ្ចប់ឃីត (សារ៉ុង១ ក្រមា១ មុង១ ភួយ១ អាវយឺត១) និងថវិកា ៥ម៉ឺនរៀល។
ទី៣-ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្ត ទទួលបានការឧបត្ថម្ភ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងសាប៊ូខ្លិន ១ដប ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងបម្រើការងារមនុស្សធម៌នេះផងដែរ។
លោកស្រីក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ដែលបានខិតខំបំពេញភារកិច្ចផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខមាលភាពសហគមន៍ទាំងមូល៕


















































