FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម រៀបចំយុទ្ធនាការផលិតផលជាតិជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តស្វាយរៀង

10-11-2026 14:24

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយគឺ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោក ញ៉ែម សារី និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការចូលរួមពីសិប្បកម្ម និងសហគ្រាសចំនួន១៨ស្តង់។

អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ និងខ្មែរប្រើប្រាស់ផលិតផលខ្មែរ»។

យុទ្ធនាការនេះមិនត្រឹមតែបង្កើតទីផ្សារ និងឱកាសបង្ហាញផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់គុណតម្លៃ គុណភាព សុវត្ថិភាព និងសោភ័ណភាពផលិតផលខ្មែរ ឱ្យអាចប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។

លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការជំរុញផ្សព្វផ្សាយ និងគាំទ្រការនាំចេញផលិតផលជាតិ។ យុទ្ធនាការនេះនឹងរៀបចំធ្វើនៅទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីបង្ហាញពីភាព សម្បូរបែបនៃផលិតផលក្នុងស្រុក លើកកម្ពស់អំណាចអ្នកប្រើប្រាស់ និងពង្រឹងទំនាក់ទំនងរវាងសិប្បកម្ម សហគ្រាសក្នុងស្រុកជាមួយបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត។ នេះជាការបង្ហាញនូវស្មារតីស្នេហាជាតិ ស្រឡាញ់ផលិតផលជាតិ និងការគាំទ្រដល់កសិករ និងផលិតករខ្មែរយ៉ាងពិតប្រាកដ៕