FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃរូបិយបណ្ណគ្រីបតូ»

10-11-2026 14:20

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Courtyard By Marrio ខេត្តសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃរូបិយបណ្ណគ្រីបតូ» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ ក្នុងនោះមន្រ្តីនគរបាលជាតិកម្ពុជាចំនួន ២០នាក់ ដែលអញ្ជើញមកពីតាមបណ្តាស្នងការដ្ឋាននគរបាលខេត្ត និង មន្រ្តីនគរបាលមកពីប្រទេសឡាវចំនួន ០៥នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងនគរបាលសហព័ន្ធអូស្ត្រាលី និងក្រុមគ្រូឧទ្ទេសនាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ជូនដល់កងកម្លាំងនគរបាលជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងថា ក្នុងយុគសម័យដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងក្នុងបរិបទនៃសាកលភាវូបនីយកម្ម រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការដឹកនាំផ្ទាល់យ៉ាងសកម្មពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ជាក់ស្តែង ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប៉ុន្តែទន្ទឹមនឹងនេះ ក៏បានបង្កើតនូវទម្រង់ថ្មីៗនៃទ្រព្យសម្បត្តិឌីជីថល ដូចជារូបិយបណ្ណគ្រីបតូ (Cryptocurrency) ដែលត្រូវបានជនល្មើសឆ្លងដែនមួយចំនួនយកទៅប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពបទល្មើសផ្សេងៗ រួមមាន៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam/Online Fraud) ការសម្អាតប្រាក់ (Money Laundering) និងបទល្មើសហិរញ្ញវត្ថុឆ្លងដែនផ្សេងៗទៀត។

ការវិវត្តនៃបទល្មើសបច្ចេកវិទ្យាទាំងនេះ ទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវមានចំណេះដឹង សមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងការយល់ដឹងអំពីរចនាសម្ព័ន្ធបច្ចេកវិទ្យា Blockchain យន្តការនៃប្រតិបត្តិការរូបិយបណ្ណគ្រីបតូ ព្រមទាំងវិធីសាស្ត្រស្រាវជ្រាវ ស្វែងរកតម្រុយ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់ និងការចែករំលែកបទពិសោធន៍ពីសំណាក់គ្រូឧទ្ទេសនាមអូស្ត្រាលី និងគ្រូបង្គោលឱ្យ បានហ្មត់ចត់ ព្រមទាំងកុំមានការស្ទាក់ស្ទើរក្នុងការសួរនូវរាល់ចម្ងល់ពាក់ព័ន្ធនឹងករណីសិក្សា (Case Studies) និងបច្ចេកទេសផ្សេងៗ ដើម្បីទទួលបានចំណេះដឹង និងជំនាញដែលអាចយកទៅអនុវត្តជាក់ស្តែង បានប្រកបដោយប្រសិទ្ធភាព។

ជាពិសេស បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សូមសិក្ខាកាមទាំងអស់នាំយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចែករំលែកបន្តជូនដល់សហការី នៅតាមអង្គភាពរៀងៗខ្លួន។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបយ៉ាងចំទិសដៅទៅនឹងតម្រូវការជាក់ស្តែង ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា ឱ្យមានចំណេះដឹង និងជំនាញទាន់សភាពការណ៍ ព្រមទាំងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើប និងបទល្មើសក្នុងយុគសម័យឌីជីថល៕