FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជួបជជែកផ្ទាល់ជាមួយ AI លោក ស៊ិន ស៊ីសាមុត និងទស្សនាព្រឹត្តិការណ៍ឥតគិតថ្លៃ ក្នុងពន្លាជាតិបារាំង នៅរាជធានីភ្នំពេញ

10-11-2026 13:51

(ភ្នំពេញ)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រទេសបារាំងនឹងនាំយកនូវបទពិសោធន៍បច្ចេកវិទ្យាដ៏អស្ចារ្យ និងកម្រជួបប្រទះ តាមរយៈការបង្កើតរូបតំណាងបញ្ញាសិប្បនិម្មិត (AI Avatar) របស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ឱ្យសាធារណជនអាចជួបសន្ទនាផ្ទាល់ នៅក្នុង «ពន្លាជាតិបារាំង» នាភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ព្រមទាំងផ្តល់ជូននូវព្រឹត្តិការណ៍វប្បធម៌ឥតគិតថ្លៃប្រមាណ ២០ កម្មវិធីផ្សេងទៀត។

នៅក្នុង «កុដិមរតក» ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្នុងពន្លាជាតិបារាំង សាធារណជន និងអ្នកចូលទស្សនាគ្រប់វ័យ នឹងមានឱកាសដ៏រំភើបក្នុងការជួបសំណេះសំណាល សន្ទនា និងចោទសួរសំណួរផ្សេងៗដោយផ្ទាល់ទៅកាន់រូបតំណាង AI របស់លោក ស៊ិន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានដ៏ល្បីល្បាញរបស់កម្ពុជា ពេញមួយរយៈពេល ៥ថ្ងៃនៃកម្មវិធី។ នេះជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យរវាងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ ក្នុងស្មារតីច្នៃប្រឌិត និងនវានុវត្តន៍។

បន្ថែមពីលើបទពិសោធន៍ AI ដ៏ទាក់ទាញនេះ ពន្លាជាតិបារាំងក៏រៀបចំពិព័រណ៍អន្តរកម្មសម្បូរបែបជាពីរភាសា (ខ្មែរ និងបារាំង) ដោយបែងចែកជាប្រធានបទធំៗ រួមមាន វិស័យវប្បធម៌ និងការបង្កើតស្នាដៃសិល្បៈ, ភាសាបារាំង និងឱកាសសិក្សា-ផ្លាស់ប្តូរបទពិសោធន៍នៅក្រៅប្រទេស, ព្រមទាំងវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈល្បែងកម្សាន្ត វីដេអូ និងឯកសារឌីជីថលជាច្រើន។ អ្នកចូលទស្សនាក៏នឹងទទួលបាននូវកាដូអនុស្សាវរីយ៍ និងការចូលរួមសកម្មភាពពិសេសៗជាច្រើនទៀតផងដែរ។

ទន្ទឹមនឹងសកម្មភាពនៅក្នុងបរិវេណពន្លា ប្រទេសបារាំងក៏បានរៀបចំកម្មវិធី និងព្រឹត្តិការណ៍វប្បធម៌-សិល្បៈឥតគិតថ្លៃប្រមាណ ២០ ព្រឹត្តិការណ៍ នៅតាមទីតាំងសំខាន់ៗជុំវិញរាជធានីភ្នំពេញ រួមមាន ភូមិហ្វ្រង់កូហ្វូនី, វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC), សាលាសន្និសីទចតុមុខ និងមហោស្រព The Last Stage Aquation។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រគំតន្ត្រី សិក្ខាសាលា កិច្ចពិភាក្សា ការច្រៀងខារ៉ាអូខេជាភាសាបារាំង ការសម្តែងល្ខោន និងរបាំ ការបញ្ចាំងភាពយន្ត និងការតាំងពិព័រណ៍ផ្សេងៗ។ ក្នុងនោះ កម្មវិធីលេចធ្លោរួមមាន ការដាក់ឱ្យដំណើរការកន្លែងផ្តល់ទឹកស្អាតសម្រាប់ពិសានៅបរិវេណវត្តបទុមវតី ដែលរៀបចំឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងពិធីសម្ពោធគំនូរជញ្ជាំងខ្នាតធំនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។

សាធារណជនទាំងអស់អាចចូលរួមទស្សនា កម្សាន្ត និងផ្លាស់ប្តូរបទពិសោធន៍នៅក្នុងពន្លាជាតិបារាំងដោយសេរី និងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ៕