ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ និងសហគមន៍ខ្មែរ ប្រមាណ១,៥០០នាក់ រួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តខ្មែរហ្វាសង់
10-11-2026 11:33
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងភរិយា ព្រមទាំងសហការី បានអញ្ជើញចូលរួមជាមួយសហគមន៍ខ្មែរប្រមាណ១,៥០០នាក់ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តខ្មែរហ្វាសង់ ខេត្តខ្យង់គី សាធារណរដ្ឋកូរ៉េ ដើម្បីប្រគេនស្បង់ជីវរ និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងប្រកបដោយសាមគ្គីភាព នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ពិធីដង្ហែអង្គកឋិនទានត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ ទោះបីជាប្រារព្ធឡើងនៅលើទឹកដីសាធារណរដ្ឋកូរ៉េក៏ដោយ ដោយមានក្រុមឆៃយ៉ាំនាំមុខ និងមានអ្នកកាន់ត្រៃឯក ព្រមទាំងត្រៃរង ដង្ហែជាក្បួនយ៉ាងអធិកអធម។
ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរ លោក ឃួន ផុនរតនៈ បានសម្តែងនូវការកោតសរសើរចំពោះសហគមន៍ខ្មែរ ដែលតែងតែប្រកាន់ខ្ជាប់នូវការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងការរួបរួមគ្នាប្រារព្ធពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាខ្មែរ ទោះបីជារស់នៅឆ្ងាយពីមាតុភូមិក៏ដោយ។
លោកឯកអគ្គរាជទូតបានសម្តែងនូវក្តីសង្ឃឹមថា បងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ នឹងបន្តរក្សាសាមគ្គីភាព និងជួយមើលថែគ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសុខដុមរមនារបស់សហគមន៍ខ្មែរ ព្រមទាំងបន្តផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរឱ្យសហគមន៍អន្តរជាតិកាន់តែស្គាល់កម្ពុជាផងដែរ៕










