FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីរវ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

10-11-2026 11:17

(ភ្នំពេញ)៖ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងលោកជំទាវទី១ ហ្សង់ណែត កាហ្កាម៉េ (Jeannette Kagame) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មុនពេលបន្តចូលរួមកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។

ប្រធានាធិបតី Paul Kagame និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ តាមរយៈជើងហោះហើរពិសេស នៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ប្រធានាធិបតី Paul Kagame នឹងបន្តចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

រហូតមកទល់ពេលនេះ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០រូបហើយ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ ក្នុងនោះមានមេដឹកនាំមកពីទ្វីបអាហ្វ្រិកជាង១០រូបផងដែរ។

ក្រៅពីប្រធានាធិបតីរវ៉ាន់ដា, ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) លោក Félix Antoine Tshisekedi ក៏នឹងអញ្ជើញមកកម្ពុជាផងដែរ។ វត្តមានរបស់លោក Paul Kagame និងលោក Félix Antoine Tshisekedi នៅក្នុងកិច្ចប្រជុំកំពូលលើកទី២០ នៅកម្ពុជា ក៏មានគោលបំណងសំខាន់ក្នុងការគាំទ្របេក្ខភាពរៀងៗខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាវេទិកាការទូតដ៏សំខាន់កម្រិតពិភពលោក ដែលប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលៗពីទ្វីបនានា ដើម្បីពិភាក្សាលើបញ្ហាប្រឈមសកល និងកិច្ចសហប្រតិបត្តិការពហុភាគី៕