FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

09-11-2026 22:32

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦ នៅបរិវេណវិមានរំលឹកគុណវីរយុទ្ធជន ខេត្តសៀមរាប។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា មេបញ្ជាការ និងមេបញ្ជាការរងយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ស្នងការ និងស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត។

៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រ ដើម្បីរលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហាន ស្មារតីពលិកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនជំនាន់មុនក្នុងបុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្ដើមឯករាជ្យជូនជាតិមាតុភូមិ និងស្នាដៃរួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។

ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិនេះ មានការរៀបចំដាក់កម្រងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី និងវីរៈនៃកងយោធពលខេមរៈភូមិន្ទ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីលះបង់ជីវិត ក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ព្រមទាំងការតស៊ូ ដើម្បីរំដោះប្រទេសជាតិ ៧ មករា ១៩៧៩ និង ទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត មិនឱ្យវិលត្រឡប់មកវិញ ព្រមទាំងវីរៈកងទ័ពដែលពលីជីវិត ការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។

ដូចគ្នានៃបណ្តាឆ្នាំមុនៗដែរ ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ដនៃព្រះរាជបេសកកម្មរបស់សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណតស៊ូក្នុងក្របខណ្ឌទាមទារឯករាជ្យឱ្យកម្ពុជា បានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ផ្តើមចេញពីគំរូព្រះវីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោ បាយឈ្នះ ឈ្នះរបស់សម្ដេច និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង គួរជាទីមោទនៈ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើន លើគ្រប់វិស័យ៕