គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបទៅនឹងរបាយការណ៍ ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៦ របស់ក្រសួងការបរទេសអាមេរិក
09-11-2026 22:13
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល កម្ពុជា សម្ដែងការសោកស្តាយជាខ្លាំងដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។
ជាក់ស្តែង ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ហើយដែលកម្ពុជាទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់លេខ៣។ រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការមិនពេញចិត្តលើលទ្ធផល នៃការវាយតម្លៃដែលមិនឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាក់ស្ដែង ដែលបានអនុវត្តកន្លងមក។
រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយបានចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងអនុវត្តពិធីសារប៉ាឡឺម៉ូជាមូលដ្ឋាន ដើម្បីស្វែងរកបទល្មើស ធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ និងនាំជំនសង្ស័យទៅផ្តន្ទាទោស តាមផ្លូវច្បាប់ ហើយបានអនុវត្តគោលការណ៍មិនដាក់ទោសទណ្ឌចំពោះជនដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តបទល្មើស និងត្រូវបានចាត់ទុកជនទាំងនោះជាជនរងគ្រោះ។
កម្ពុជាក៏បានរៀបចំផែនការប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ មនុស្សគ្រប់ទម្រង់ និងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាំងពីឆ្នាំ២០២២ ដោយផ្តោតលើចំណុចអាទិភាព ផ្អែកលើ បណ្ដឹង ឬសេចក្តីរាយការណ៍ ដែលបើកទូលាយតាមគេហទំព័រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គេហទំព័រ និងHotlineនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលធ្វើឱ្យប្រតិបត្តិការ ប្រព្រឹត្តទៅបានយ៉ាងរលូន។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលសកម្មភាពនៃបទល្មើសនេះមានការពាក់ព័ន្ធជាមួយអំពើជួញដូរមនុស្សផងដែរ។ ទោះបីជា យ៉ាងនេះក្តី បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនអាចគ្រប់គ្រងបានដោយកម្ពុជាតែឯងឡើយ ព្រោះជន បរទេសជាច្រើនម៉ឺននាក់ បានមកសម្ងំធ្វើសកម្មភាពល្មើស និងអូសទាញប្រជាជនពីបណ្តាប្រទេសនានា ឱ្យមកចូល រួមសកម្មភាពឆបោកកាន់តែច្រើនឡើង។
ក្រោមការដឹកនាំផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ក៏ជាមធ្យោបាយគន្លឹះក្នុងការលុបបំបាត់បទល្មើស ព្រហ្មទណ្ឌពាក់ព័ន្ធ រួមទាំងអំពើជួញដូរមនុស្សផងដែរ។ ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់នេះ បានឈានដល់ការបើក កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅគ្រប់ទីតាំង ធំ តូច សង្គ្រោះមនុស្សដែលបាន និងកំពុងសម្ងំធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងអ្នកដែលត្រូវគេបង្ខំ ទាំងអ្នកស្ម័គ្រចិត្ត ពីទីតាំង ប្រព្រឹត្តបទល្មើស និងបិទទីតាំងឆបោកដែលបានរកឃើញរាប់រយកន្លែង។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ទាំងស្រុង៖




