វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
09-11-2026 22:01
(វ៉ាស៊ីនតោន)៖ ចាប់តាំងពីរុស្ស៉ីធ្វើសង្រ្គាមឈ្លានពានចូលអ៊ុយក្រែនអស់រយៈពេលជាង ៤ឆ្នាំមកនេះ អ៊ុយក្រែនបានក្លាយជាទៅជាអធិរាជមួយនៅក្នុងសង្រ្គាមដ្រូន និងការអភិវឌ្ឍបច្ចេកវិទ្យាដ្រូនយោធាដែលអនុញ្ញាតឱ្យកងកម្លាំងរបស់ខ្លួនអាចតតំាងជាមួយសត្រូវដ៏ធំដូចជារុស្ស៉ី មកទល់នឹងបច្ចុប្បន្ន។ ប៉ុន្តែទោះជាខ្លាំងប៉ុនណា ក៏នៅតែមានចំណុចខ្សោយ នោះគឺក្រុមហ៊ុនផលិតដ្រូនរបស់អ៊ុយក្រែននៅតែពឹងផ្អែកយ៉ាងខ្លាំងលើគ្រឿងបន្លាស់ និងឧបករណ៍អេឡិចត្រូនិកផលិតដោយចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៉ី។ នៅទីនេះអ្វីដែលអ៊ុយក្រែនបារម្ភធំបំផុតគឺខ្លាចថារដ្ឋាភិបាលចិនអាចនឹងធ្វើការរឹតត្បិតតឹងរ៉ឹងលើការនាំចេញគ្រឿងបរិក្ខារសំខាន់ៗទាំងនោះ។ អ៊ុយក្រែនក៏បារម្ភផងដែរថាក្រុមហ៊ុនរុស្ស៉ីដែលត្រូវការជាចាំបាច់នូវគ្រឿងបរិក្ខារសំខាន់ៗដូចគ្នានេះអាចនឹងទទួលបានការអនុគ្រោះពិសេសពីបណ្ដារោងចក្រចិន។
អ៊ុយក្រែនមិនមែនមើលមិនឃើញពីចំណុចខ្សោយនេះនោះទេ។ ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ទីក្រុងកៀវបានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើចិនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈការពង្រីកការផលិតនៅក្នុងស្រុក និងស្វែងរកដៃគូផ្គត់ផ្គង់ផ្សេងទៀតដូចជាតៃវ៉ាន់ អឺរ៉ុប និងសហរដ្ឋអាមេរិក។ ការព្យាយាមនេះពិតជាបានជួយឱ្យអ៊ុយក្រែនកាត់បន្ថយបានខ្លះនូវតម្រូវការចាំបាច់របស់ខ្លួនលើ ការទិញម៉ូទ័រអេឡិចត្រូនិក ឧបករណ៍បញ្ជាដ្រូន និងគ្រឿងបន្លាស់មួយចំនួនទៀតផលិតដោយចិន។ ក៏ប៉ុន្តែអ៊ុយក្រែនមិនទាន់អាចផ្ដាច់ចេញពីការពឹងផ្អែកលើចិនបានទាំងស្រុងនោះទេ។ ដ្បិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់ផលិតដោយចិនមានតម្លៃថោក ហើយកាន់តែសំខាន់ ចិនមានសមត្ថភាពយ៉ាងធំសម្បើមក្នុងការផលិត ហើយដែលសមត្ថភាពបែបនេះ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមិនទាន់អាចតាមទាន់នៅឡើយទេ។
«ប្រសិនបើចិនបញ្ឈប់ការផ្គត់ផ្គង់មកឱ្យពួកយើង...នោះយើងអាចនឹងក្លាយជាមនុស្សខ្វាក់ ហើយនេះជាចំណុចគួរឱ្យបារម្ភបំផុត»។ នេះជាការលើកឡើងរបស់លោក Andrii Taganskyi នាយកប្រតិបត្តិ Odd Systems ជាក្រុមហ៊ុនផលិតអាវុធមួយរបស់អ៊ុយក្រែនដែលជាអ្នកអភិវឌ្ឍកាមេរ៉ាសម្រាប់ដ្រូន។ ចិនបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញដ្រូន និងបរិក្ខារពាក់ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសំអាងលើការព្រួយបារម្ភពីការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន។ ខណៈការរឹតត្បិតមិនបានបញ្ឈប់លំហូរគ្រឿងបន្លាស់ផលិតដោយចិនទៅកាន់អ៊ុយក្រែនក៏ពិតមែន តែវាបានធ្វើឱ្យយឺតយ៉ាវ និងធ្វើតម្លៃគ្រឿងបន្លាស់ទាំងនោះឡើងថ្លៃ ជាហេតុជំរុញឱ្យបណ្ដាក្រុមហ៊ុនអ៊ុយក្រែនងាកទៅ រកឈ្នួញកណ្ដាលនៅតាមបណ្ដាប្រទេសទី៣។
លោក Robert Tallost ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន RUSI បានគូសបញ្ជាក់ថាចិនកាន់សន្លឹកបៀធំនៅក្នុងដៃ ពីព្រោះចិនអាចបន្តនាំចេញគ្រឿងបន្លាស់កាន់រុស្ស៉ី តែរឹតត្បិតការផ្គត់ផ្គង់ទៅកាន់លោកខាងលិច។ ក្រសួងការបរទេសចិនបានអះអាងម្ដងហើយម្ដងទៀតថាប៉េកាំងបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយការទទួលខុសត្រូវលើវិធីសាស្ត្រក្នុងការនាំចេញបរិក្ខារ ឬគ្រឿងបន្លាស់ពាក់ព័ន្ធនឹងយោធា។ តាមក្រសួងការបរទេសចិន ប៉េកាំងប្រឆាំងជំទាស់នឹងការប្រើប្រាស់ដ្រូនស៊ីវិលសម្រាប់គោលដៅយោធា និងជំរុញភាគីទាំងអស់ស្វែងរកដំណោះស្រាយនយោបាយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។
* ចង់ដូរអ្នកផ្គត់ផ្គង់ ត្រូវចាយលុយច្រើន
អ៊ុយក្រែនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាកំពុងឈានមុខគេខាងឧស្សាហកម្មបច្ចេកវិទ្យាដ្រូន ការរចនា និងការដំឡើងដែលបាន និងកំពុងផ្លាស់ប្ដូរសង្រ្គាមសម័យទំនើប។ ប៉ុន្តែមួយផ្នែកធំនៃសម្ភារៈ និងគ្រឿងបន្លាស់ដែលអ៊ុយក្រែនត្រូវការដើម្បីផលិតដ្រូនមិនអាចផលិតនៅក្នុងស្រុកក្នុងពេលឆាប់ៗ ឬដ៏ខ្លីខាងមុខនោះទេ។ តាមក្រុមហ៊ុនអ៊ុយក្រែនជាច្រើន មេដែក ម៉ូទ័រ ស៉ិនស័រចាប់កម្ដៅ គ្រឿងបង្គុំផលិតថ្ម និងគ្រឿងបន្លាស់ជាច្រើនផ្សេងទៀតមួយផ្នែកធំត្រូវបាននាំចូលពីចិន។ លោក Oleksandr Yakovenko មកពីក្រុមហ៊ុន TAF Industries ដែលជាក្រុមហ៊ុនផលិតអាវុធដ៏ធំមួយរបស់អ៊ុយក្រែនបានពន្យល់ថាការផ្លាស់ប្ដូរទៅទិញគ្រឿងបន្លាស់ទាំងស្រុងពីបណ្ដាប្រទេសលោកខាងលិច អាចនឹងធ្វើឱ្យតម្លៃកើនឡើង ៦០ភាគរយ ហើយធ្វើឱ្យការផលិតថយចុះក្នុងបរិមាណដូចគ្នានេះដែរ។ ដូច្នេះការធ្វើបែបនេះមិនចំណេញនោះទេ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតដ្រូនអ៊ុយក្រែនបានចាប់ផ្ដើមកាត់បន្ថយការពឹងផ្អែកលើចិនរួចទៅហើយ។ ជាឧទាហរណ៍៖ ក្រុមហ៊ុនផលិត ដ្រូនរបស់អ៊ុយក្រែន Vyriy បានពឹងផ្អែកជិត ៩០ភាគរយលើការនាំចូលគ្រឿងបន្លាស់ពីចិនសម្រាប់ផលិតដ្រូនយោធារបស់ខ្លួន។ តែបច្ចុប្បន្ន ស្ថាបនិកក្រុមហ៊ុន Vyriy លោក Oleksii Babenko បានអះអាងថាសព្វថ្ងៃ ៧០ ទៅ៨០ភាគរយនៃគ្រឿងបន្លាស់ត្រូវបានផលិតនៅអ៊ុយក្រែន។ ចាប់តាំងពីដើមឆ្នាំ២០២៤ ជិត៩០ភាគរយនៃគ្រឿងបន្លាស់ដ្រូនដែលអ៊ុយក្រែនបាននាំចូលគឺមានប្រភពដោយផ្ទាល់ពីចិន ហើយបើតាមទិន្នន័យគយអ៊ុយក្រែន ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៦នេះ ការនាំចូលគ្រឿងបន្លាស់ដ្រូនពីចិនបានធ្លាក់មកនៅត្រឹម ២៨ភាគរយប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នកជំនាញជឿថាការធ្លាក់ចុះនេះប្រហែលគ្រាន់តែជាតួលេខនៅលើក្រដាសប៉ុណ្ណោះ។ ក៏ព្រោះតែគ្រឿងបន្លាស់ជាច្រើនត្រូវបានចុះបញ្ជីមានប្រភពមកពីប៉ូឡូញ និងសាធារណរដ្ឋឆែក ទំនងជាត្រូវបានផលិតនៅក្នុងប្រទេសចិន គ្រាន់តែត្រូវបាននាំចូលឆ្លងកាត់តាមប្រទេសទាំងនោះ។
* ចង់រកអ្នកផ្សេងជំនួសចិន ជារឿងពិបាក
អ៊ុយក្រែនមានសមត្ថភាពដំឡើងថ្ម ប៉ុន្តែនៅតែត្រូវនាំចូលវត្ថុធាតុដើម ឬគ្រឿងបង្គុំសម្រាប់ផលិតថ្ម។ តួយ៉ាងដើម្បីផលិតម៉ូទ័រ អ៊ុយក្រែនត្រូវនាំចូលមេដែក និងទង់ដែង ហើយខណៈអ៊ុយក្រែនអាចផលិតឧបករណ៍អេឡិចត្រូនិកមួយចំនួន ក្រុមហ៊ុនចិនមានសមត្ថភាពផលិតឧបករណ៍អេឡិចត្រូនិកក្នុងបរិមាណធំ និងមានតម្លៃថោកជាងពាក់កណ្ដាល។ កាន់តែសំខាន់ជាងនេះ កាមេរ៉ាបំពាក់ស៊ិនស័រចាប់កម្ដៅបង្ហាញរួចទៅហើយថាអ៊ុយក្រែនពិបាកក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងជំនួសចិន។ ក្រុមហ៊ុនអ៊ុយក្រែនអាចផលិតកាមេរ៉ាបានដោយខ្លួនឯង ប៉ុន្តែពួកគេនៅតែពឹងផ្អែកលើការនាំចូលស៉ិនស័រដែលអាចចាប់កម្ដៅ និងលែនដែលមិនទាន់អាចត្រូវបានផលិតក្នុងស្រុកនៅឡើយទេ។ ណាមួយ វត្ថុធាតុដើមដ៏សំខាន់មួយដែលលែនកាមេរ៉ាមិនអាចខ្វះបាន នោះគឺ germanium ជារ៉ែមួយដែលចិនសម្បួរហូរហៀរ និងធ្វើឱ្យលែនផលិតដោយចិនមានតម្លៃថោកជាងលែនផលិតដោយបណ្ដាប្រទេសអឺរ៉ុប។
សហរដ្ឋអាមេរិក និងអឺរ៉ុបក៏ផលិតស៉ិនស័រផងដែរ តែមួយផ្នែកធំត្រូវបានប្រើប្រាស់នៅក្នុងស្រុក។ តាមលោក Taganskyi បណ្ដាក្រុមហ៊ុនអ៊ុយក្រែនអាចផលិតកាមេរ៉ាចាប់កម្ដៅដោយពឹងផ្អែកទាំងស្រុងលើគ្រឿងបរិក្ខារនាំចូលពីអឺរ៉ុប។ ប៉ុន្តែសមត្ថភាពផលិត និងតម្លៃជាឧបសគ្គមួយដ៏ធំ។ លោកបន្ថែមថាអឺរ៉ុបអាចផលិតស៉ិនស័រចាប់កម្ដៅបាន ៦០០ ០០០គ្រឿងក្នុងមួយឆ្នាំ តែអ៊ុយក្រែនត្រូវការដល់ទៅ ៤លានគ្រឿងក្នុងមួយឆ្នាំ។ ដូច្នេះហើយក្នុងពេលបច្ចុប្បន្ន គ្រឿងបន្លាស់ចិនមួយចំនួននៅតែមានសារៈសំខាន់ ហើយបើខ្វះតែ៥ភាគរយ ក៏មិនអាចផលិតកាមេរ៉ាបាននោះដែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ រុស្ស៉ីពឹងផ្អែកលើចិនខ្លាំងជាងអ៊ុយក្រែនទៅទៀត ហើយមានមួយផ្នែកធំដោយសារតែទណ្ឌកម្មលោកខាងលិចបង្កឧបសគ្គដល់រុស្ស៉ីក្នុងការស្វែងរកទិញគ្រឿងបន្លាស់ ឬឧបករណ៍អេឡិចត្រូនិកពីបណ្ដាប្រទេសដទៃ។ តែចំណុចខុសគ្នា នោះគឺចិនជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី ដូច្នេះមូស្គូមិនបារម្ភខ្លាចថាចិនផ្លាស់ប្ដូរ ១០០ភាគរយ ក្នុងការផ្គត់ផ្គង់ធ្វើឱ្យអ៊ុយក្រែនមានប្រៀបខ្លាំងជាងរុស្ស៉ីនោះទេ។លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីក៏ធ្លាប់បានបង្ហាញការព្រួយបារម្ភត្រង់ចំណុចនេះដែរ។
លោក ហ្សេលេនស្គីបាននិយាយថាចិននៅតែឈរនៅខាងរុស្ស៉ី ហើយបើទោះជាមិនបានផ្គត់ផ្គង់អាវុធដោយផ្ទាល់ទៅឱ្យរុស្ស៉ីក៏ពិតមែន តែចិនមានឆន្ទៈជួយរុស្ស៉ីខ្លាំងជាងជួយអ៊ុយក្រែន។ សម្រាប់អ៊ុយក្រែន ការប្រជែងជាមួយរុស្ស៉ីដើម្បីទទួលបានការចាប់អារម្មណ៍ដូចគ្នាពីបណ្ដាក្រុមហ៊ុន ឬរោងចក្រចិនក៏ជាហានិភ័យមួយផងដែរ ក៏ព្រោះតែវាមើលទៅប្រៀបបានដូចជាការបង្ហាញឱ្យសត្រូវបានឃើញពីតម្រូវការចាំបាច់របស់ខ្លួន៕
