FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive | Analysis: ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?

09-11-2026 19:23

(ភ្នំពេញ)៖ ខណៈកម្ពុជាកំពុងត្រៀមទទួលប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ លោក សម រង្ស៊ី បែរជាអំពាវនាវឱ្យភាគីបារាំង ពិចារណាមិនបញ្ជូនប្រធានាធិបតីមកចូលរួមដោយផ្ទាល់។

ការអំពាវនាវនេះកើតឡើង ខណៈកម្ពុជាកំពុងពង្រឹងការទូតអន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងបរិបទវិវាទព្រំដែនជាមួយថៃ។
សំណួរគន្លឹះគឺ៖ តើការអំពាវនាវរបស់លោក សម រង្ស៊ី មានគោលដៅនយោបាយអ្វីពិតប្រាកដ? ហើយតើការកាត់បន្ថយទំនាក់ទំនងការទូតកម្រិតខ្ពស់ជាមួយបារាំង អាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់កម្ពុជាយ៉ាងដូចម្តេច?

* ទស្សនកិច្ចលោក Macron និងផលប្រយោជន៍ការទូត

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកជំទាវ Brigitte Macron នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា តបតាមព្រះរាជអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Macron គ្រោងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ជួបប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្តេច បវរធិបី ហ៊ុន ម៉ាណែត ព្រមទាំងចូលរួមព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។
សេចក្តីប្រកាសនេះ បង្ហាញថា ទោះបីមានការអំពាវនាវពី សម រង្ស៊ី ដែលព្យាយាមរារាំងក៏ ដោយ កម្មវិធីទស្សនកិច្ចផ្លូវរដ្ឋ នៅតែត្រូវបានប្រកាសតាមការគ្រោងទុក។ ភាគីទាំងពីរក៏គ្រោងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ ថែមទៀត។
ដូច្នេះ ទស្សនកិច្ចនេះមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសពង្រឹងទំនាក់ទំនងកម្ពុជា–បារាំង និងពង្រីកកិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ។

* ហេតុអ្វី សម រង្ស៊ី រារាំងដំណើរទស្សនកិច្ចប្រធានាធិបតីបារាំង?
លោក សម រង្ស៊ី បានសរសេរទៅក្រសួងអឺរ៉ុបនិងការបរទេសបារាំង ដោយស្នើឱ្យប្រធានាធិបតី Emmanuel Macron ពិចារណាមិនចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ ហើយឱ្យបារាំងបញ្ជូនតំណាងថ្នាក់រដ្ឋមន្ត្រីជំនួស។ ជាមួយនឹងលេសដើម្បីរារាំងដំណើរទស្សនកិច្ចនេះ លោកបានលើកកង្វល់អំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការទទួលស្គាល់ផ្នែកនយោបាយចំពោះរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែសំណើនេះបង្កើតសំណួរមួយទៀត៖ តើការកាត់បន្ថយកម្រិតទំនាក់ទំនងការទូត អាចជួយដោះស្រាយបញ្ហាដែលសម រង្ស៊ី លើកឡើង ឬអាចកាត់បន្ថយឱកាសសន្ទនារវាងកម្ពុជា និងបារាំង បានដែរឬទេ? ជាពិសេសបើកម្ពុជា មានបញ្ហាទាំងនោះមែន ការជួបទាល់តែក្នុងកម្រិតប្រមុខរដ្ឋ ទើបអាចផ្តល់ឱកាសពិភាក្សាទាំងបញ្ហានយោ បាយ សិទ្ធិមនុស្ស សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានដោយរលូន។ ដូច្នេះ បំណងរារាំងដោយប្រើលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីរារាំងដំណើរប្រធានាធិបតីនោះ គ្រាន់តែជារឿងបិទបាំងការពិតមួយ ដែល សម រង្ស៊ី មិនចង់ឱ្យមានវត្តមានមេដឹកនាំនៃប្រទេសបារាំង ដែលជាសាក្សីនៃហត្ថលេខី អន្តរជាតិនៃឯកសារសន្ធិសញ្ញាព្រំដែនបារាំង សៀម តែប៉ុណ្ណោះ។

* វិវាទព្រំដែនកម្ពុជា–ថៃ និងសំណួរអំពីជំហររបស់មេដឹកនាំក្រុមប្រឆាំង
ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា–ថៃ សេចក្តីថ្លែងការណ៍របស់អ្នកនយោបាយខ្មែរអាចមានឥទ្ធិពលលើការយល់ឃើញរបស់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសការចោទប្រកាន់ថាកម្ពុជាជាអ្នកបាញ់មុន ដែលរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ ដោយអះអាងថា គឺកងទ័ពថៃទេ ដែលជាអ្នកបើកការបាញ់ប្រហារមុន។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃ Top News បានផ្សាយការអះអាងរបស់លោក Nantiwat Samart អតីតមន្ត្រីស៊ើបការណ៍សម្ងាត់ថៃ ដោយភ្ជាប់ឈ្មោះលោក សម រង្ស៊ី ទៅនឹងការចោទថាកងទ័ពកម្ពុជាបានបាញ់មុន។ ការផ្សាយនេះបានបង្កើតសំណួរអំពីភាពត្រឹមត្រូវនៃសម្តីដែលត្រូវបានយកទៅផ្សព្វផ្សាយ។
នៅថ្ងៃទី១២ ខែតុលា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលការអះអាងនោះ និងទាមទារឱ្យលោក សម រង្ស៊ី បំភ្លឺថា តើលោកពិតជាបាននិយាយដូចការផ្សាយរបស់សារព័ត៌មានថៃ ឬយ៉ាងណា។

បញ្ហានេះត្រូវបានលើកឡើងជាថ្មីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់។ នាយករដ្ឋមន្ត្រីបានចោទសួរថា ហេតុអ្វីលោក សម រង្ស៊ី អាចសរសេរលិខិតទៅភាគីបារាំង ស្នើឱ្យប្រធានាធិបតី Macron ពិចារណាមិនមកកម្ពុជាបាន ប៉ុន្តែម្តេចក៏មិនទាមទារឱ្យសារព័ត៌មានថៃ កែតម្រូវការផ្សាយដែលលោកបានបដិសេធថាមិនមែនជាសម្តីរបស់ខ្លួន?
សំណួររបស់នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីភាពស៊ីសង្វាក់នៃជំហរនយោបាយ និងការទទួលខុសត្រូវចំពោះព័ត៌មានដែលអាចប៉ះពាល់ដល់កិត្តិយសកងទ័ពកម្ពុជា។
ចំណុចគន្លឹះគឺ៖ នៅពេលកម្ពុជាកំពុងប្រឈមវិវាទព្រំដែនជាមួយថៃ ហេតុអ្វីលោក សម រង្ស៊ី ជ្រើសរើសអំពាវនាវឱ្យបារាំងកាត់បន្ថយកម្រិតទស្សនកិច្ចប្រធានាធិបតី Macron ខណៈសំណួរអំពីការកែតម្រូវព័ត៌មាន ដែលភ្ជាប់ឈ្មោះសម រង្ស៊ី ទៅនឹងការចោទប្រកាន់កងទ័ពកម្ពុជា នៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់? ហើយតើអ្វីជាបំណងពិតប្រាកដរបស់សម រង្ស៊ី ដែលមិនចង់ឱ្យកម្ពុជាមានទំនាក់ទំនងការទូតកម្រិតខ្ពស់ជាមួយបារាំង?
ការរិះគន់រាជរដ្ឋាភិបាល និងការការពារផលប្រយោជន៍ជាតិ មិនមែនជារឿងផ្ទុយគ្នាឡើយ។ ប៉ុន្តែក្នុងវិវាទព្រំដែនដ៏រសើបនេះ អ្នកនយោបាយគ្រប់ភាគី ត្រូវប្រឈមនឹងសំណួរអំពីភាពត្រឹមត្រូវនៃព័ត៌មាន ភាពស៊ីសង្វាក់នៃជំហរ និងផលវិបាកនៃសកម្មភាពការទូតរបស់ខ្លួន។

* សន្ធិសញ្ញាបារាំង–សៀម និងសារៈសំខាន់នៃការទូតកម្ពុជា–បារាំង
បារាំងមានតួនាទីប្រវត្តិសាស្ត្រយ៉ាងសំខាន់ក្នុងការកំណត់ព្រំដែនកម្ពុជា–ថៃ តាមរយៈសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងផែនទីពាក់ព័ន្ធ ដែលជាឯកសារគតិយុត្តសំខាន់ក្នុងការពិភាក្សាអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ឯកសារទាំងនេះក៏មានសារៈសំខាន់ក្នុងប្រវត្តិនៃសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។

ក្នុងបរិបទវិវាទព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន ទស្សនកិច្ចប្រធានាធិបតី Emmanuel Macron អាចបើកឱកាសឱ្យកម្ពុជាពង្រឹងកិច្ចសន្ទនាជាមួយបារាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកឯកសារប្រវត្តិសាស្ត្រ និងបង្ហាញជំហររបស់ខ្លួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងច្បាប់អន្តរជាតិ។
ការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យបារាំងកាត់បន្ថយកម្រិតចូលរួម បង្កើតសំណួរអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះឱកាសការទូតទាំងនេះ ទោះបីមិនមានភស្តុតាងបញ្ជាក់ថា លោកមានបំណងបង្អាក់ការប្រើប្រាស់សន្ធិសញ្ញាព្រំដែន ឬជួយភាគីថៃក៏ដោយ។
សំណួរគន្លឹះគឺ៖ នៅពេលកម្ពុជា កំពុងប្រើប្រាស់ការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងទាមទារដោះស្រាយបញ្ហាទឹកដីជាមួយថៃ តើការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យកាត់បន្ថយទំនាក់ទំនងកម្រិតប្រមុខរដ្ឋជាមួយបារាំង អាចប៉ះពាល់ដល់ឱកាសការទូតរបស់កម្ពុជាយ៉ាងដូចម្តេច? ហើយតើជំហរនេះបម្រើផលប្រយោជន៍ឱ្យខ្មែរ ឬ ឱ្យបរទេស ដែលប្រវត្តិសាស្ត្រ បានចែងអំពីមហិច្ឆតាដណ្តើមទឹកដីនិងប្រាសាទបុរាណខ្មែរ តាំងពីអតីត កាលមកនោះ?

សេចក្តីសន្និដ្ឋាន៖ ការប្រឆាំងនយោបាយ និងផលប្រយោជន៍ជាតិ
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បង្ហាញថា ទស្សនកិច្ចប្រធានាធិបតី Emmanuel Macron ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតែគ្រោងប្រព្រឹត្តទៅ ទោះបីមានការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យបារាំងពិចារណាកាត់បន្ថយកម្រិតចូលរួមក៏ដោយ។
ការប្រឆាំងរាជរដ្ឋាភិបាលគឺជាសិទ្ធិនយោបាយ ប៉ុន្តែការអំពាវនាវឱ្យបរទេសកាត់បន្ថយទំនាក់ទំនងការទូត ត្រូវពិចារណាទាំងហេតុផល និងផលវិបាកចំពោះជាតិ។ ប្រសិនបើសកម្មភាពនយោបាយណាមួយ ធ្វើឱ្យប្រទេសបាត់បង់ឱកាសការទូត ឬប៉ះពាល់ដល់ផលប្រយោជន៍ជាតិ សកម្មភាពនោះ គង់នឹងត្រូវប្រវត្តិសាស្ត្រជាតិរបស់ខ្លួនឯងថ្កោលទោសជាមិនខាន។

ក្នុងពេលកម្ពុជាកំពុងប្រើការទូត និងច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទព្រំដែនជាមួយថៃ សំណួរគន្លឹះគឺ៖ តើជំហរនយោបាយ និងសកម្មភាពណាខ្លះពិតជាបម្រើផលប្រយោជន៍ជាតិ? ព្រោះស្នេហាជាតិ ត្រូវបង្ហាញតាមការទទួលខុសត្រូវ ភស្តុតាង និងលទ្ធផលជាក់ស្តែង មិនមែនត្រឹមពាក្យសម្តី ឬការចោទប្រកាន់ឡើយ៕