FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ទី ប៊ុនថេង ទទួលភ្នាក់ងារ និងសកម្មជន គាំទ្រគណបក្សភ្លើងទៀនចំនួន ៣៦រូប គោរពស្នើសុំសម្ដេចតេជោ សុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

09-11-2026 18:56

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលចលនាកសាងសមាជិកគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារក្រុមចលនាកសាងសមាជិកគណបក្ស ចុះទទួលភ្នាក់ងារ និងសកម្មជន គាំទ្រគណបក្សភ្លើងទៀនចំនួន ៣៦រូប ក្នុងឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោកបណ្ឌឺ ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។

ភ្នាក់ងារ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន៣៦រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ ឯកឧត្តម ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។

ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានលើកឡើងពីវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជន ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក ទី បុនថេង បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០២៣ កន្លងមកនេះ៕