ពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង
09-11-2026 17:22
(កំពង់ឆ្នាំង)៖ បន្ទាប់ពីបានធ្វើពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃកន្លងមក ត្រូវបានធ្វើពិធីបិទកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័ន្ធកីឡាជាតិកម្ពុជា, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឈឹម វុទ្ធា អភិបាលរងខេត្ត, និងមានការចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង-ស្រុក, ប្រតិភូ, គ្រូបង្វឹក, កីឡាករ, កីឡាការិនី ជាច្រើនរូបទៀត។
លោក ឈឹម វុទ្ធា អភិបាលរងខេត្ត បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពសហព័ន្ធកីឡាកម្ពុជា ដែលបានជ្រើសរើសខេត្តកំពង់ឆ្នាំង ជាគោលដៅនៃការប្រកួតកីឡានាពេលនេះ ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខេត្តកំពង់ឆ្នាំង ក្នុងការបង្ហាញនូវសមត្ថភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅ និងការរួមចំណែកលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន។
មានប្រសាសន៍នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា បានសម្តែងនូវអំណរគុណចំពោះអាជ្ញាធរខេត្ត ដែលបានរៀបចំទីតាំង និងការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ នេះប្រកបទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នេះជាការបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព។
លោកបានបន្តថា ការប្រកួតកីឡាជាតិឆ្នាំ២០២៦នេះ មិនត្រឹមតែជាការប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយពីសក្តានុពលខេត្តកំពង់ឆ្នាំង និងការអភិវឌ្ឍន៍វិស័យកីឡារបស់យើង និងកោតសរសើរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងដោយស្មោះត្រង់ និងមានស្មារតីកីឡា។ ជ័យជំនះរបស់អ្នកទាំងអស់គ្នាគឺជាមោទនភាពរបស់យើង។
លោកតំណាងរាស្ត្របានមានប្រសាសន៍បន្តថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យកីឡា និងបានដាក់ចេញនូវយុទ្ធសាស្ត្រនានាដើម្បីលើកកម្ពស់កីឡាជាតិ។ ការប្រកួតកីឡាជាតិលើកទី៥នេះ គឺជាសក្ខីកម្មនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ។
យោងតាមកម្មវិធីប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំការប្រកួតកីឡាទោចក្រយាន ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង ដែលត្រូវបានបញ្ចប់នាពេលនេះ មាន១០សហគមន៍ មកពីតាមបណ្តារាជធានី-ខេត្ត ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី សរុបចំនួន១២៨នាក់ មាន៤វិញ្ញាសាប្រកួត ក្នុងនោះមានវិញ្ញាសាកង់ភ្នំបុរស (Man MTB), វិញ្ញាសាកង់ភ្នំនារី (Women MTB), វិញ្ញាសាកង់គួកបុរសជាក្រុម (Man Road Team Time Trial) និងវិញ្ញាសាកង់គួកបុរស (Man Criterium)៕











