FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ (Video inside)

09-11-2026 17:19

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ដែលរៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ​ ក្នុង​ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ។

ថ្លែងនាឱកាសបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កងទ័ពត្រូវរស់នៅក្រោមការកំណត់ច្បាស់លាស់ កងទ័ពត្រូវមានវិន័យ កងទ័ពគ្មានវិន័យច្បាំងមិនឈ្នះគេនោះទេ កងទ័ពគ្មានវិន័យគឺមិនមានជាថាមពលនោះទេ ព្រោះយើងត្រូវធ្វើការជាក្រុម»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជាកងទ័ពគឺត្រូវប្តូររបៀបធ្វើការពីធ្វើការម្នាក់ឯង ទៅជាការធ្វើការជាក្រុម ពាក់ឯកសណ្ឋានដូចគ្នា ក្រោកឡើងក្នុងពេលតែមួយ និងចេះជួយគ្នាទៅវិញទៅមក, ចូលជាកងទ័ពគឺប្តូរពីផ្តត់គំនិតដែលយើងធ្វើការងារប្រកួតប្រជែងគ្នា យកចាញ់យកឈ្នះ មកជាការប្រកួតប្រជែងគ្នាជាក្រុម និងរួមគ្នាដើម្បីពង្រឹងខ្លួន និងពង្រឹងក្រុមរប​ស់ខ្លួន ដែលនេះជាអ្វីកងទ័ពត្រូវប្រឈម ដែលមានទាំងការលត់ដំកាយសម្បទា និងកាលត់ដំស្មារតី សតិអារម្មណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាកងទ័ពត្រូវប្រឈមនឹងការចេះតស៊ូ អត់ធ្មត់ ភាពលំបាកក្នុងការហ្វឹកហាត់ខ្លួន ហើយបោះបង់ចោលនូវភាពស្រណុក និងត្រឡប់មករកនូវការជំរុញខ្លួនឯងឱ្យមានឆន្ទៈខ្ពស់, វិន័យ និងសណ្តាប់ធ្លាប់ន​ឹងជួយតម្រង់ទិសយើងឱ្យបានរឹងមាំ មិនមែនត្រឹមតែកាយសម្បទានោះទេ គឺរឹងមាំទាំងស្មារតី និងសតិអារម្មណ៍ ដែលជំរុញយើងមិនឱ្យមានការបោះបង់ន​ូវឆន្ទះរបស់ខ្លួន។

យោងតាម Fresh AI បានឲ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយមាន ៨ជំពូក និង២០មាត្រា។ ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ច និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ។

ច្បាប់នេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់២៥ឆ្នាំ ចូលហ្វឹកហាត់ក្នុងកងទ័ពរយៈពេល២៤ខែ។ ចំពោះប្រជាពលរដ្ឋខ្មែរជាស្ត្រី គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ អ្នកដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ហើយអាចត្រូវបានអញ្ជើញឱ្យបំពេញភារកិច្ចតាមការចាំបាច់របស់ប្រទេសជាតិ៕