សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំយុវជនដែលចូលបំពេញកាតព្វកិច្ចយោធា ត្រូវប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់រយៈពេល២៤ខែ ដើម្បីធ្វើជាគំរូដល់យុវជនដទៃ (Video inside)
09-11-2026 16:52
(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានណែនាំ និងបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នៅឆ្នាំដំបូងនាឆ្នាំ២០២៦នេះ ត្រូវខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់លុតដំរហូតដល់រយៈពេលកំណត់២៤ខែ ដើម្បីធ្វើជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦នេះ គឺចំថ្ងៃពិសេសនៃការអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯកភាពជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្រាប់អ្នកដែលដាក់ពាក្យមិនទាន់បំពេញកាតព្វកិច្ចយោធា សូមរង់ចាំវគ្គបន្ទាប់ដែលនឹងជូនដំណឹងដោយ គណៈកម្មការរបស់ក្រសួងការពារជាតិ ដែលនឹងបញ្ជាក់លម្អិតជាបន្ដបន្ទាប់ ដើម្បីឲ្យយុវជនចូលមកបំពេញកាតព្វកិច្ចយោធា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមយុវជនស្ម័គ្រចិត្តឆ្នាំនេះមិនទាន់ដាក់ពាក្យបាន សូមបន្ដចុះឈ្មោះតទៀត ហើយគណៈកម្មការក្រសួងការពារជាតិ នឹងបញ្ជាក់លម្អិតបន្ថែមទៀត។ សង្ឃឹមថា ៥,០០០នាក់ ដែលចូលនៅឆ្នាំទី១នេះ នឹងខិតខំតស៊ូរហូតដល់បញ្ចប់កាតព្វកិច្ចរបស់ខ្លួនរយៈពេល២៤ខែ ដែលជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗទៀត»។
សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធាជាការលត់ដំមិនត្រឹមរូបរាងកាយ តែជាការលត់ដំផ្នែកស្មារតី ហើយក្រោយហ្វឹកហ្វឺនរយៈពេល៣ខែ យោធិនកាតព្វកិច្ច នឹងទៅរស់នៅតាមអង្គភាពនីមួយៗ ហើយជាពេលអនុវត្តការរស់នៅបែបជាយោធា ខណៈយោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ហើយនោះ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត វិន័យ និងរបៀបរស់នៅជាកងទ័ព។
ជាមួយគ្នានោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរយ៉ាងក្រៃលែង ចំពោះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ និងក្រុមគ្រួសារ ដែលមានភាពក្លាហាន, ឆន្ទៈមោះមុត ជាពិសេស គឺស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីជាពលរដ្ឋដែលស្រឡាញ់ និងស្ម័គ្រចិត្តបម្រើជាតិមាតុភូមិនៅគ្រប់កាលៈទេសៈ។ សម្ដេចបន្ដថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានឱកាសបប្រើជាតិមាតុភូមិ, ឱកាសហ្វឹកហ្វឺនជំនាញ និងបច្ចេកទេសផ្សេងៗរបស់កងទ័ព, ឱកាសអភិវឌ្ឍន៍ខ្លួន មានដូចជាវិន័យ និងភាពជាអ្នកដឹកនាំ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
សូមរំលឹកថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានអនុម័តដោយរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះមាន ៨ ជំពូក និង ២០ មាត្រា។ យោធិនកាតព្វកិច្ចជាការអនុវត្តន៍ផែនការពង្រឹងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដ៏មានសារៈសំខាន់មួយ ដែលត្រូវបានគិតគូរចាត់ចែងឱ្យអនុវត្តន៍ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី៧នេះ ខណៈច្បាប់នេះមានតាំងពីឆ្នាំ២០០៦មកម្ល៉េះ៕



























































