ខួបអនុស្សាវរីយ៍លើកទី២៤ នៃការបង្កើតធនាគារវឌ្ឍនៈ, អ្នកឧកញ៉ា ឈុន លាង លើកឡើងថា ការអភិវឌ្ឍរបស់ធនាគារវឌ្ឍនៈ មិនមែនជាការចៃដន្យនោះទេ ដោយសារតែមានការគាំទ្រ ការជឿទុកចិត្តពីសំណាក់អតិថិជនគ្រប់ទិសទី (Video inside)
09-11-2026 16:49
(ភ្នំពេញ)៖ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ តាមរយៈសុន្ទរកថា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ នៃការបង្កើតធនាគារវឌ្ឍនៈ បានលើកឡើងថា ឆ្នាំ២០២៦ ត្រូវនឹងខួបលើកទី២៤នេះ គឺស្មើនឹងវដ្ដពីរជុំដែលមានលក្ខណៈ ស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងគោលគំនិតវប្បធម៌ប្រពៃណីខ្មែរ គឺជាលេខដ៏មានអត្ថន័យសំខាន់ ក្នុងការបន្តអតីតកាល និងនាំមកនូវអនាគត។
អ្នកឧកញ៉ាបន្តថា ប្រសិនបើយើងប្រៀបធៀបទៅនឹងមនុស្សវ័យ២៤ឆ្នាំ គឺជាវ័យរឹងមាំ ពោរពេញដោយថាមពល ឆន្ទៈមោះមុត និងក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់អនាគត។
ចាប់តាំងពីការបោះជំហានដំបូងដ៏សាមញ្ញក្នុងឆ្នាំ២០០២ ធនាគារវឌ្ឍនៈ បានផ្តើមចេញពីសាខាតែមួយជាមួយបុគ្គលិកត្រឹម១០នាក់ រហូតបច្ចុប្បន្នបានរីកដុះដាលសាខាសរុបចំនួន ៤១ នៅតាមបណ្តារាជធានីខេត្តចំនួន ២៣ ហើយខេត្តពីរទៀតក៏មានការសាងសង់អគារសាខាបានរួចរាល់ហើយ ត្រៀមនឹងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខ។
អ្នកឧកញ៉ាបន្ថែមទៀតថា «ការអភិវឌ្ឍរបស់ធនាគារវឌ្ឍនៈ មកចំណុចនេះ មិនមែនជាការចៃដន្យនោះទេ គឺដោយសារតែមានការគាំទ្រ ការជឿទុកចិត្តពីសំណាក់អតិថិជនគ្រប់ទិសទីទាំងអស់ ទាំងអតិថិជនកម្ចី និងអតិថិជនបញ្ញើ។ បន្ថែមលើភាគទុនិករបស់ធនាគារទាំងអស់ ដែលជាបង្អែកដ៏រឹងមាំ និងកក់ក្តៅហ៊ានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់»៕
សូមស្តាប់វីដេអូសុន្ទរកថាទាំងស្រុង៖
