FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងក្រុមហ៊ុនផលិតជី ដែលបង្កក្លិនស្អុយខ្លាំងដល់ប្រជាពលរដ្ឋ នៅស្រុកសាមគ្គីមុន្នីជ័យ និងរកឃើញថា ពិតជាបង្កក្លិនស្អុយពិតមែន!

09-11-2026 16:02

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ បានរាយការណ៍ថា មានទីតាំងផលិតជីមួយកន្លែង ដែលផ្តោតលើការផលិតលាមកសត្វ និងចែកចាយជីសរីរាង្គ ជីគីមី រួមទាំងធាតុចូលកសិកម្មផ្សេងៗទៀត និងគ្មានស្លាកយីហោច្បាស់លាស់ បានបង្កក្លិនស្អុយខ្លាំងនាពេលយប់ ប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិជុំវិញ។ ពលរដ្ឋសង្ស័យថា សកម្មភាពផលិតនៅទីតាំងនេះមិនបានអនុវត្តតាមស្តង់ដារបរិស្ថាន។

បើយោងតាមប្រភពបានបញ្ជាក់ថា ទីតាំងនេះមានការអនុញ្ញាតច្បាប់ពីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មានឈ្មោះក្រុមហ៊ុន រ័ត្ន វណ្ណៈ អេហ្គ្រីខលឈ័រ។

បើតាមកំណត់ហេតុរបស់មន្ត្រីជំនាញកសិកម្មខេត្តបានឲ្យដឹងថា ក្រោយមានព័ត៌មានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ ក្រុមការងារមន្ទីរកសិកម្ម បានចុះដល់ទីតាំងផលិត តែមិនបានជួបម្ចាស់ក្រុមហ៊ុន រ័ត្ន វណ្ណៈ អេហ្គ្រីខលឈ័រ នោះទេ បានជួបត្រឹមប្រពន្ធតាមទូរស័ព្ទ ហើយក្រុមការងារឲ្យហៅម្ចាស់ក្រុមហ៊ុនឲ្យមកជួបដោះស្រាយបញ្ហា តែម្ចាស់មិនបានមកជួបក្រុមការងារនៃមន្ទីរកសិកម្មឡើយ ជួបតែមេការបម្រើការងារនៅទីនោះប៉ុណ្ណោះ។

ការចុះពិនិត្យនោះមន្ត្រីជំនាញបានរកឃើញថា ទីតាំងនោះពិតជាវបង្កក្លិនស្អុយខ្លាំងពិតប្រាកដមែន។

ជាមួយគ្នានេះ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋបានបន្តរាយការណ៍ថា ទីតាំងខាងលើនៅតែបន្តក្លិនស្អុយការតែខ្លាំង ពិសេសនៅពេលយប់ ខណៈខ្យល់បានបោកបក់មកពីទិសខាងជើង។ មួយវិញទៀតទីតាំងមិនមានដាក់ស្លាកយីហោឱ្យបានច្បាស់លាស់ឡើយ។ ពួកគាត់អះអាងថា ក្លិនអាចសាយភាយទៅចម្ងាយរាប់សិបគីឡូម៉ែត្រ។ ពួកគាត់បន្តថា នៅពេលស្ថិតនៅជិត ឬធ្វើដំណើរឆ្លងកាត់ទីតាំងនោះ ក្លិនស្អុយធ្វើឱ្យពិបាកដកដង្ហើម។

ប្រជាពលរដ្ឋស្នើសុំឱ្យស្ថាប័នជំនាញពាក់ព័ន្ធ ជួយចុះពិនិត្យជាបន្ទាន់ ដើម្បីបញ្ជាក់ពីស្ថានភាពជាក់ស្តែង និងចាត់វិធានការដោះស្រាយតាមដែនសមត្ថកិច្ចរបស់ខ្លួន៕