រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
09-11-2026 15:59
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ, កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC) សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងនៅសួនច្បារមុខវត្តបទុមវត្តី។
ក្នុងដំណើរការនៃកិច្ចប្រជុំនេះ ដែលមានការចូលរួមពីគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើន អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថី និងមហាវិថីសំខាន់ៗមួយចំនួន។
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រថយន្តធុនធ្ងន់គ្រប់ប្រភេទមិនត្រូវបាន អនុញ្ញាតឱ្យធ្វើចរាចរនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ប៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ស្ពានអាកាសសម្តេចធិបតី ប៊ុន ម៉ាណែត ឡើយ។
ជាមួយគ្នានេះ សាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ ក៏ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើដែរ ហើយកំពង់ចម្លងសុខាត្រូវផ្អាកដំណើរការទាំងស្រុង។ ដោយឡែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កំពង់ចម្លងអរិយក្សត្រឆ្លងមករាជធានីភ្នំពេញ ក៏នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៤៖០០នាទី រហូតដល់បញ្ចប់កម្មវិធី ការធ្វើចរាចរណ៍នឹងត្រូវហាមឃាត់លើកំណាត់មហាវិថីព្រះសុរាម្រឹត (ពីរង្វង់មូលវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក), មហាវិថីសម្ដេចសុធារស (ពីស្តុបនាគបាញ់ទឹក ដល់វិថីឧកញ៉ា ឈុន) និងវិថីឧកញ៉ា ឈុន (ពីស្តុបសាលសន្និសីទចតុមុខ ដល់ស្តុបរោងដំរី)។
ចំណែកនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការធ្វើចរាចរណ៍នឹងត្រូវហាមឃាត់លើកំណាត់មហាវិថីអូស៊ីអាយស៊ី (ពីរង្វង់មូលអប្សរា ដល់រង្វង់មូលនាងទេពមច្ឆ) និងស្ពានបេតុងខ្សែកាបឫស្សីកែវ (ឆ្លងកាត់ទន្លេសាប) ទាំងស្រុង។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាធារណជនមេត្តាយោគយល់ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តម្រាយផ្លូវទាំងនេះ។ ក្រោយផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ន ផ្លូវទាំងអស់នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕






