FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនជាង១,៤ម៉ឺននាក់ បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា ក្នុងនោះ៥ពាន់នាក់ ត្រូវបា​នជ្រើសរើសសម្រាប់វគ្គដំបូង ឆ្នាំ២០២៦

09-11-2026 15:44

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ និងយុវជនខ្មែរចំនួន ១៤,៦៤៦នាក់ (ស្រី ២,៤១៧នាក់) បានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសបេក្ខជនភេទប្រុសចំនួន ៥,០០០នាក់ សម្រាប់វគ្គហ្វឹកហ្វឺនដំបូងប្រចាំឆ្នាំ២០២៦។ នេះជាការថ្លែងបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្នុង «ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦» នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងការពារជាតិបានរៀបចំច្បាប់ស្តីពីកាតព្វកិច្ចយោធាឡើងវិញ ដើម្បីជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងការពារជាតិ អភិវឌ្ឍកាយសម្បទា បណ្តុះស្មារតីស្នេហាជាតិ ផ្នត់គំនិត និងវិន័យ។ សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យជ្រើសរើសប្រជាពលរដ្ឋខ្មែរភេទប្រុសសរុប ១០,០០០នាក់ ដោយបែងចែកជា២វគ្គហ្វឹកហ្វឺន ក្នុងមួយវគ្គមានចំនួន ៥,០០០នាក់ ទៅតាមសាលាហ្វឹកហ្វឺនទាំង៨។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា គិតចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖

* ការរៀបចំយន្តការ និងបច្ចេកវិទ្យា៖ បានបង្កើតយន្តការអនុវត្តគ្រប់ថ្នាក់ រៀបចំនិយាមប្រតិបត្តិ ៨ដំណាក់កាល សហការជាមួយក្រសួងមហាផ្ទៃប្រមូលទិន្នន័យពលរដ្ឋអាយុពី ១៧ ដល់ ២៥ឆ្នាំ និងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើត Web Portal ប្រព័ន្ធគ្រប់គ្រងការចុះឈ្មោះ តាមដានបេក្ខជន ពិនិត្យសុខភាព និងការចាប់ឆ្នោតក្នុងករណីចាំបាច់។

* ការជ្រើសរើស និងពិនិត្យសុខភាព៖ ក្នុងចំណោមអ្នកដាក់ពាក្យជាង ១ម៉ឺន៤ពាន់នាក់ គណៈកម្មាធិការជាតិបានជ្រើសរើសបេក្ខជន ៥,០០០នាក់ សម្រាប់វគ្គដំបូង ហើយបានសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងសុខាភិបាល ជូនដំណើរ និងពិនិត្យសុខភាព កាយសម្បទានៅតាមសាលាហ្វឹកហ្វឺនទាំង៨ កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ។

* ការធានាហេដ្ឋារចនាសម្ព័ន្ធ និងរបបឧបត្ថម្ភ៖ បានជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារស្នាក់នៅ ទីលានហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិតនៅតាមសាលាទាំង៨។ ជាមួយគ្នានោះ ក្រសួងការពារជាតិបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធានាផ្តល់ប្រាក់អាហារ របបបំប៉ន សម្ភារៈសិក្សា អង្ករចំនួន ១១៤តោនសម្រាប់ខែដំបូង ព្រមទាំងយោធបរិក្ខារចំនួន ១៤មុខ សម្រាប់ឆ្នាំទី១ ជូនយោធិនកាតព្វកិច្ចទាំង ៥,០០០នាក់។

* កម្មវិធីសិក្សា និងការហ្វឹកហ្វឺន៖ យោធិនកាតព្វកិច្ចនឹងត្រូវហ្វឹកហ្វឺនរួមរយៈពេល ៣ខែ (ស្មើនឹង ៩១ថ្ងៃ) ដោយក្នុងមួយសប្តាហ៍ហ្វឹកហ្វឺន ៦ថ្ងៃ និងមួយថ្ងៃ ៧ម៉ោង ក្រោមការបង្ហាត់បង្រៀនពីនាយទាហាន និងយោធាចារ្យជំនាញ មុននឹងចេញទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាព។

ដោយឡែក នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជាទីតាំងប្រារព្ធពិធីបើកវគ្គនេះ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់សម្រាប់ទទួលយោធិនកាតព្វកិច្ចចំនួន ១,៥០០នាក់។ បន្ទាប់ពីពិធីនៅថ្ងៃនេះ នៅថ្ងៃទី១០ ខែវិច្ឆិកា គណៈកម្មាធិការជាតិនឹងបន្តរៀបចំបើកវគ្គហ្វឹកហ្វឺននៅសាលាទាំង ៧ទៀត រួមមាន សាលាពលទាហានទី១ ទី២ ទី៣ ទី៤ ទី៥ សាលាពលទាហានយោធភូមិភាគពិសេស និងសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទជាន់ខ្ពស់។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់សុខទុក្ខកងទ័ព ព្រមទាំងបានថ្លែងអំណរគុណដល់បណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានសហការយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាវគ្គដំបូងនេះ សម្រេចបានជោគជ័យតាមផែនការគ្រោងទុក។

យោងតាម Fresh AI បានឲ្យដឹងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយមាន ៨ជំពូក និង២០មាត្រា។ ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ច និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ។

ច្បាប់នេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់២៥ឆ្នាំ ចូលហ្វឹកហាត់ក្នុងកងទ័ពរយៈពេល២៤ខែ។ ចំពោះប្រជាពលរដ្ឋខ្មែរជាស្ត្រី គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ អ្នកដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ហើយអាចត្រូវបានអញ្ជើញឱ្យបំពេញភារកិច្ចតាមការចាំបាច់របស់ប្រទេសជាតិ។

យុវជនដែលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀលក្នុងមួយខែ រួមជាមួយរបបផ្សេងៗទៀត ដូចជា ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធ។ លើសពីនេះ យោធិនដែលមានជំងឺ ឬរងរបួស នឹងទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។ ច្បាប់នេះមានអត្ថប្រយោជន៍សំខាន់ៗចំនួន៣ គឺ ការពារជាតិ យុវជន និងគ្រួសារ ព្រមទាំងសង្គមជាតិ៕