សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តកោះកុង នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនចាស់ជរាខ្វះខាត៤គ្រួសារ នៅឃុំជីផាត ស្រុកថ្មបាំង
09-11-2026 15:24
(កោះកុង)៖ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន ៤គ្រួសារ ស្ថិតនៅក្នុងភូមិគំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ពិធីនេះបានដឹកនាំដោយ លោក ណាក់ បូ ប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកោះកុង និងលោក ឆឹង បូរី អនុប្រធាន រួមជាមួយសហការីមួយចំនួនទៀត ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន។
អំណោយដែលបានប្រគល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ៤បេ មីជាតិ ៤ កេស ទឹកត្រី ៤ យួរ ទឹកស៊ីអ៉ីវ ៤យួរ ត្រីខ ៤យួរ និងថវិកា ១៦ម៉ឺនរៀល។ គ្រួសារទាំង៤ ដែលបានទទួលអំណោយមាន លោកតា យួន នាង លោកយាយ នួន ចិន លោកយាយ នួន នំ និងលោកយាយ សឹម សុខ។
ក្នុងឱកាសនោះលោកប្រធានសាខាខេត្ត ណាក់ បូ តាមរយៈលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានពាំនាំប្រសាសន៏ដ៏ថ្លៃថ្លាផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមទាំងគ្រួសារ ដែលបានទទួលអំណោយនាថ្ងៃនេះផងដែរ។
លោកប្រធាន ក៏បានបន្ថែមថាសម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងតែព្រួយបារម្មណ៌ពីសុខទុក្ខ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនិងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះរួមសាមគ្គីគ្នា ជាធ្លុងមួយ ហើយរួមថែរក្សាសុខសន្តិភាពដើម្បីភាពសុខសានទាំងអស់គ្នា។
លោកប្រធាន តំណាងឲ្យក្រុមការងារប្រចាំសាខាខេត្តកោះកុង សូមប្តេជ្ញាបន្តគាំទ្រសម្តេចតេជោធិបតី ដើម្បីដឹកនាំប្រទេសបន្តទៀត និងសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការរះដ៏ធំធេង និងវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន លោកថា ទីណាមានការលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជាពិសេសមានសម្តេចតេជោ ធិបតី សម្តេចគតិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត មិនដែល
ទុកប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ។
ចុងក្រោយលោក ណាក់ បូ ប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាសាខាខេត្តកោះ កុង បានលើកម្រាមដៃដប់ដោយគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនពរសម្តេចតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃជន្មាយុយ៉ឺនយូរ សូមបានប្រកបតែពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ: វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕















