ក្រសួងបរិស្ថាន ប្រគល់ និងដាំកូនឈើចម្រុះ ៣ ០០០ដើម នៅ «ភូមិរង់ចាំ» ដើម្បីជំរុញចលនានៃភាពបៃតង នៅតាមមូលដ្ឋាន
09-11-2026 15:09
(បន្ទាយមានជ័យ)៖ កម្មវិធីជំរុញចលនាដើម្បីភាពបៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែន បានឈានទៅមុខមួយជំហានទៀត បន្ទាប់ពីក្រសួងបរិស្ថាន បានផ្ដល់កូនឈើចម្រុះសរុបចំនួន ៣ ០០០ដើម រួមមានដើមអំពិលទឹកបារាំង ដើមក្រញូង ក្ងោក និងដើមអូញម៉ូញ ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធ ដើម្បីធ្វើការដាំនៅទំនប់ ប្រឡាយ តាមផ្លូវនិងតាមលំនៅឋាន ក្នុងភូមិរង់ចាំ ភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីប្រគល់ និងដាំកូនឈើនេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុង «ភូមិរង់ចាំ» ដែលជាភូមិសាស្ត្រនៃជនភៀសសឹក តាមបណ្ដោយព្រំដែន ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានថ្លែងថា សកម្មភាពដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដោយមានការសហការ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរស្រុកស្វាយចេក មន្ទីរបរិស្ថានខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍ មូលដ្ឋាន និងវិស័យឯកជន គឺក្រុមហ៊ុន សែនគីរីអេកូផាក (Sen Kiri Eco Park)។
តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សុខ លី អភិបាលរងស្រុកស្វាយចេក បានលើកឡើងថា សកម្មភាពនាំយកកូនឈើមកដាំនេះ ទទួលបានការអបអរសាទរ និងដឹងគុណយ៉ាងខ្លាំងពីអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រោះវាបានរួមចំណែកប្រែក្លាយតំបន់រស់នៅថ្មីនេះ ឱ្យមានភាពបៃតង ស្រស់បំព្រង និងមានបរិស្ថានរស់នៅល្អប្រសើរ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាំកូនឈើចម្រុះចំនួន ៣ ០០០ដើម នាពេលនេះមានគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួនបីរួមមាន៖
*ការបង្កើនគម្របបៃតង៖ ចូលរួមចំណែកយ៉ាងសកម្មក្នុងការស្ដារ និងបង្កើតគម្របបៃតង ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ការបង្កើតគម្របបៃតងថ្មីនេះ ជាផ្នែកមួយនៃខែលការពារធម្មជាតិជួយស្រូបឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់របស់សហគមន៍ប្រឆាំងនឹងបាតុភូតធម្មជាតិនានា
*គាំទ្រដល់ជីវភាពពលរដ្ឋ តាមរយៈការជំរុញឱ្យមានការដាំដំណាំ ដើមឈើនៅតាមគេហដ្ឋាន ដើម្បីជួយលើកកម្ពស់សន្តិសុខស្បៀង និងកាត់បន្ថយការចំណាយ
*គាំទ្រសហគមន៍មូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពបរិស្ថាន ផ្ដល់ជាម្លប់ និងសម្រួលដល់លក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងតាំងទីលំនៅ និងរស់នៅក្នុង «ភូមិរង់ចាំ» ឱ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយចីរភាព។
លោកបានបន្ថែមថា ព្រឹត្តិការណ៍នាថ្ងៃនេះ បានស្ដែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តខ្ពស់រវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការអភិវឌ្ឍតំបន់ព្រំដែន មិនត្រឹមតែលើផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកសាង «របងបៃតង» ដ៏រឹងមាំសម្រាប់ការពារបរិស្ថាន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា ក្រោមយុទ្ធសាស្ត្រទី២ គឺ «ភាពបៃតង» ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តសកម្មភាពជាក់ស្ដែង យុទ្ធនាការ «ពន្លកបៃតង»។ ក្រសួងបានបង្កើតចលនាបណ្ដុះ និងចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ សាលារៀន វត្តអារាម និងសហគមន៍នានាដោយឥតគិតថ្លៃ ដើម្បីយកទៅដាំដុះ។ ជាក់ស្ដែងក្រសួងបានចែកកូនឈើជាង ១,៣លានដើមក្នុងឆ្នាំ២០២៤ កើនដល់ជាង ៣,៤លានដើម ក្នុងឆ្នាំ២០២៥ និងបន្តពង្រីកគោលដៅចែកចាយរហូតដល់ ជាង ៥លានដើមក្នុងឆ្នាំ២០២៦ (រួមទាំងកូនត្នោត ១,៥លានដើម)។
ដើម្បីធានាបាននូវការផ្គត់ផ្គង់កូនឈើប្រកបដោយនិរន្តរភាព ក្រសួងបានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ធំៗចំនួន៥ កន្លែងនៅតាមបណ្ដាខេត្តសំខាន់ៗ។ ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៖ ក្រសួងបានបង្កើនការល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (ដូចជាដ្រូន និងរូបភាពផ្កាយរណប) ដើម្បីតាមដាន និងការពារព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។
បន្ថែមពីនេះ ក្រសួងបរិស្ថានបាននិងកំពុងជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខរបរថ្មីៗ ការអភិវឌ្ឍគោលដៅលម្ហែបៃតង ដើម្បីកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ និងចូលរួមផ្ដល់ចំណូលដល់សហគមន៍មូលដ្ឋាន ឱ្យបានប្រសើរ ព្រមទាំងការពារ និងអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព៕































