FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តរតនគិរី រៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ឆ្នាំ២០២៦

09-11-2026 15:09

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ឆ្នាំ២០២៦។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ដោយឡែកខេត្តរតនគិរី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្ត ក៏បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយុទ្ធពលខេមរភូមិន្ទយ៉ាងអធិកអធម នៅវិមានឯករាជ្យ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ទិវាជាប្រវត្តិសាស្រ្តនេះ មានការអញ្ជើញចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, មន្ត្រីរាជការតាមបណ្ដាស្ថាប័នអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ព្រះសង្ឃ, លោកគ្រូ-អ្នកគ្រូ,សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនេះ លោកញ៉ែម សំអឿន បានលើកឡើងពីសារៈសំខាន់ នៃការចងចាំព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ដែលបានទាមទារឯករាជ្យពេញលេញពីបារាំងនៅឆ្នាំ១៩៥៣។

លោកអភិបាលខេត្តបានថ្លែងបន្តថា ទិវាបុណ្យឯករាជ្យជាតិ ក៏ជាការរំលឹកអំពីការលំបាកដែលកម្ពុជាបានឆ្លងកាត់ រួមទាំងការដាក់អាណានិគមដោយបារាំងរយៈពេលជិត១សតវត្ស, សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាកំពុងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ រហូតដល់បច្ចុប្បន្ននេះ។

សមិទ្ធផលសំខាន់ៗ ដែលសម្រេចបានរួមមាន៖ ការកសាងសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះ មិនមែនបានមកដោយចៃដន្យនោះទេ តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម ព្រមទាំងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕