រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
09-11-2026 15:04
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅទីលានតេជោធិបតី ខេត្តស្ទឹងត្រែង។
ពិធីរំលឹកខួបអនុស្សាវរីយ៍នេះ ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការមកពី មន្ទីរអង្គភាពជុំវិញខេត្ត កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការតស៊ូព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃរបស់ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានទាមទារឯករាជ្យដ៏ពេញលេញពីអាណានិគមបារាំងជូនជាតិមាតុភូមិវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ស្មារតីនៃខួបឯករាជ្យជាតិនេះ គឺជាក់បញ្ជាក់ពីការចងចាំជានិច្ចនូវគុណបំណាច់របស់យុវជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន។
ពិធីមីទ្ទិញអបអរសាទរនេះ មិនត្រឹមតែជាការរំលឹកខួបប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសាមគ្គីភាព ឯកភាពជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តស្ទឹងត្រែង ក្នុងការការពារសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការបន្តកសាងអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនថែមទៀតក្រោមម្លប់នៃសន្តិភាព៕















