ភ្ញៀវទេសចរ និងពលរដ្ឋជាង២០ម៉ឺននាក់ មកកម្សាន្តក្នុងខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អុជកាំជ្រួច រយៈពេល២ថ្ងៃ
09-11-2026 14:31
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ចប់ការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច និងមានការប្រគុំតន្ត្រី រយៈពេល២ថ្ងៃ ដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរ សរុបជាង២០ម៉ឺននាក់។ ពិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី៩ ខែវិច្ឆិកានេះថា ក្នុងឱកាសពិធីបុណ្យ រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងខេត្ត មានចំនួនសរុបប្រមាណចំនួន ២០២,១១២នាក់ ក្នុងនោះ (ភ្ញៀវជាតិ ២០២,០០០នាក់ និងភ្ញៀវបរទេស១១២នាក់)។
លោកបានបញ្ជាក់ថា ការរៀបចំពិធីនេះនៅថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថ្ងៃទី៨ ខែ វិច្ឆិកា ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
លោកបន្តថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប គឺជាមរតកវប្បធម៌ដ៏យូរលង់របស់ដូនតាខ្មែរ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបន់ស្រន់សុំសេចក្តីសុខ ទឹកភ្លៀង និងអភិរក្សវប្បធម៌ ប្រពៃណីខ្មែរឱ្យបានគង់វង្ស។
សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូកដូចបណ្តាឆ្នាំមុនៗ ដើម្បីរំឭកដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់ភោគផលល្អក្នុងការងារកសិកម្ម ហើយក្នុងនោះដែរកម្លាំងសមត្ថកិច្ចគ្រប់ទីតាំង បានពង្រាយដើម្បីរឹតបណ្តឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនាកម្សាន្ត ក្នុងពិធីបុណ្យពេញរយៈពេល២ថ្ងៃ ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព។
ជាមួយគ្នានេះ លោក សេង អាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព មានអនាម័យល្អ សុខភាពល្អ និងមានបរិយាកាសល្អ៕



























































