FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

09-11-2026 14:29

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ ប្រកបដោយភាពមហោឡារិក។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្តូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៥២១អង្គ/រូប។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងន័យរំលឹកនូវឧបការៈគុណដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

ព្រះអង្គជាព្រះបិតាសន្តិភាពបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូល រហូតដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ពិធីនេះបានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់ព្រះអង្គ និងការប្តេជ្ញាចិត្តបន្តថែរក្សាសន្តិភាព ឯករាជ្យ និងការអភិវឌ្ឍជាតិ៕