រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ
09-11-2026 14:18
(កោះកុង)៖ រដ្ឋបាលកោះកុង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ ប្រកបដោយភាពមហោឡារិក ក្រោមអធិបតីភាព លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស ព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងន័យរំលឹកនូវឧបការៈគុណដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ព្រះអង្គជាព្រះបិតាសន្តិភាពបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូល រហូតដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិ ជូនជាតិមាតុភូមិ ពេញបរិបូណ៌ពីអាណានិគមនិយមបារាំងវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ពិធីនេះបានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់ព្រះអង្គ និងការប្តេជ្ញាចិត្តបន្តថែរក្សាសន្តិភាព ឯករាជ្យ និងការអភិវឌ្ឍជាតិ៕











