FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ

09-11-2026 14:15

(សៀមរាប)៖ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងរំឭកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ នៅវិមានរំឭកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសិស្សានុសិស្ស ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងវីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិតដ៏ថ្លៃថ្លាសម្រាប់បុព្វហេតុមាតុភូមិ និងប្រជាជន។

ជាមួយគ្នានេះដែរ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំឭកដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវនារីជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូរំដោះជាតិទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង ដោយជោគជ័យទាំងស្រុង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕