FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

09-11-2026 14:10

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៦) នៅបរិវេណវិមានឯករាជ្យខេត្តក្រចេះ ក្រោមអធិបតីភាពរបស់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនស្រឡាញ់សន្តិភាព យុវជនក្រុម ១៥៧ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត ដែលបានរំលឹកឱ្យឃើញនូវព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ជូនមាតុភូមិកម្ពុជា។

ថ្លែងក្នុងឱកាសនោះលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកុលបុត្រ-កុលធីតា និងកងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទគ្រប់ជំនាន់ ដែលបានតស៊ូពុះពារឆ្លងកាត់គ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ទាំងការដណ្តើមឯករាជ្យ ការឆ្លងកាត់ដំណាក់កាលភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ជាពិសេស ឈរលើមូលដ្ឋាននៃជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសជាតិត្រូវបានស្រោចស្រង់ និងកសាងសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅគ្រប់កាលៈទេសៈ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងយោធពលខេមរភូមិន្ទ បន្តការពារបូរណភាពទឹកដី ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងថែរក្សារាល់សមិទ្ធផលសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ព្រមទាំងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ក្នុងបរិយាកាសឯករាជ្យ សន្តិភាព ស្ថិរភាព និងមហាសាមគ្គីជាតិទូលំទូលាយ ដោយមិនឱ្យសង្គ្រាម សោកនាដកម្ម និងគ្រោះមហន្តរាយវិលត្រឡប់មកវិញជាថ្មីឡើយ៕