FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋកោតសរសើរ ចំពោះសេវាប្តូរ និងបន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ ​( Video inside)

09-11-2026 12:08

(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋដែលបានទៅទទួលសេវាប្តូរ និងបន្តសុពលភាពបណ្ណបើកបរ នៅតាមមណ្ឌលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាពនៃការផ្តល់សេវា។ ពួកគេបានលើកឡើងថា សេវាដែលបានផ្តល់ជូនមានលក្ខណៈល្អប្រសើរ រហ័សទាន់ចិត្ត និងមានការកំណត់តម្លៃបានត្រឹមត្រូវតាមច្បាប់កំណត់។

ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួយចំនួនក៏បានឆ្លុះបញ្ចាំងផងដែរថា នៅតាមទីតាំងមណ្ឌលផ្តល់សេវា ក្នុងផ្សារទំនើបមួយចំនួន ដែលមានចំនួនមនុស្សទៅទទួលសេវាច្រើនលើសលប់ ជួនកាលមានការយឺតយ៉ាវខ្លះៗ។ បញ្ហានេះអាចបណ្តាលមកពីបរិមាណអ្នកប្រើប្រាស់សេវាមានការកើនឡើងខ្ពស់ ដែលតម្រូវឱ្យមានការរៀបចំ និងពង្រឹងបន្ថែមទៀតនូវធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងទទួលបានមតិយោបល់ជាវិជ្ជមានជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលសេវាប្តូរ និងបន្តសុពលភាពបណ្ណបើកបរ នៅតាមមណ្ឌលសេវាសាធារណៈរបស់ក្រសួង។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តខិតខំកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។ គោលបំណងសំខាន់គឺដើម្បីបង្កភាពងាយស្រួល កាន់តែឆាប់រហ័ស និងឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព។ ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការស្តាប់មតិយោបល់ និងសំណូមពរនានា ដើម្បីធានាថាគ្រប់សេវាដែលផ្តល់ជូនគឺពិតជាមានប្រយោជន៍ និងបំពេញតាមការរំពឹងទុករបស់សាធារណជន៕