FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល២ថ្ងៃ នៃពិធីប្រណាំងទូក «ង» ខេត្តពោធិ៍សាត់ ទាក់ទាញភ្ញៀវទេសចរ ជាង១០ម៉ឺននាក់ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យទេសចរណ៍ និងសុខសន្តិភាពពេញលេញ

09-11-2026 10:28

(ពោធិ៍សាត់)៖ ព្រឹត្តិការណ៍ប្រណាំងទូក «ង» លើកទី៦ នៅខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមបរិយាកាសសប្បាយរីករាយ អធិកអធម និងទទួលបានភ្ញៀវទេសចរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាកម្សាន្ត សរុបចំនួន១០៣,៥៦៧នាក់។

យោងតាមរបាយការណ៍ស្ថិតិផ្លូវការរបស់មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ កំណើនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រូវបានកត់ត្រា ដូចខាងក្រោម៖

*ថ្ងៃទី១ (ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៦,២០០នាក់ ក្នុងនោះរួមមាន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទៅចំនួន ៤៥,០០០នាក់ ភ្ញៀវទេសចរស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ១,១៨០នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២០នាក់។

*ថ្ងៃទី២ (ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៥៧,៣៦៧នាក់ ក្នុងនោះរួមមាន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទៅចំនួន ៥៦,០០០នាក់ ភ្ញៀវទេសចរស្នាក់នៅចំនួន ១,៣៥០នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១៧នាក់។

សរុបរួមរយៈពេល ២ថ្ងៃ (ថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ មានចំនួនសរុប ១០៣,៥៦៧នាក់ ក្នុងនោះភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទៅមានចំនួន ១០១,០០០នាក់ ភ្ញៀវទេសចរស្នាក់នៅមានចំនួន ២.៥៣០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៣៧នាក់។

កំណើនភ្ញៀវទេសចរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាឱកាសនេះ គឺជាសក្ខីភាពយ៉ាងច្បាស់លាស់ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ និងតុបតែងលម្អសោភ័ណភាពទីក្រុង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងកិច្ចសហការយ៉ាងល្អប្រសើរពីគ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។

ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ច ក៏បានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពតាមដងទឹក ធានាបាននូវភាពសប្បាយរីករាយ និងគ្មានបាតុភាពអសកម្មណាមួយកើតឡើងឡើយ។

ក្រៅពីការទស្សនាការប្រណាំងទូក «ង» យ៉ាងស្វិតស្វាញនៅតាមដងស្ទឹងពោធិ៍សាត់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏បានរីករាយជាមួយនឹងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគំតន្ត្រី និងការបាញ់កាំជ្រួច ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋាន បង្កើនប្រាក់ចំណូលដល់អាជីវករ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តពោធិ៍សាត់ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា៕