FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តកណ្ដាល រៀបចំព្រឹត្តិការណ៍ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦

09-11-2026 08:02

(កណ្តាល)៖ ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកណ្តាល និងដៃគូពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» (Run for Girls, Run for All) យ៉ាងអធិកអធម នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីអបអរសាទរ «ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦» ក្រោមប្រធានបទ «វិនិយោគលើក្មេងស្រី ពង្រឹងសិទ្ធិ បង្កើនឱកាសលើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់»។

លោកស្រី ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនមែនត្រឹមតែជាការរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាចលនាសង្គម និងជាសំឡេងរួមគ្នាដើម្បីបញ្ជូនសារទៅកាន់សង្គមថា ក្មេងស្រីគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ សុខភាព ការរស់នៅប្រកបដោយគ្មានអំពើហិង្សា និងគ្មានការរើសអើង ដើម្បីឱ្យពួកគេមានឱកាសបង្កើត និងសម្រេចក្តីសុបិនរបស់ខ្លួន។ លោកស្រីបានសង្កត់ធ្ងន់ថា ការវិនិយោគលើក្មេងស្រី គឺជាការវិនិយោគលើអនាគតកម្ពុជាទាំងមូល។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការវិនិយោគលើក្មេងស្រី គឺជាការវិនិយោគលើអនាគត និងភាពរីកចម្រើននៃសង្គមជាតិទាំងមូល។ ការផ្តល់ឱកាសទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងការការពារផ្លូវច្បាប់ គឺជាកាតព្វកិច្ចចំបងក្នុងការធានាថាក្មេងស្រីគ្រប់រូបមានភាពអង់អាច និងស្វ័យភាពពេញលេញក្នុងការកំណត់អនាគតរបស់ខ្លួន។

លោកអភិបាលខេត្តបានបន្ថែមថា ក្មេងស្រីមានសក្ដានុពលខ្ពស់ក្នុងការក្លាយជាអ្នកដឹកនាំគំរូ និងជាភ្នាក់ងារនៃផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍។ នៅពេលដែលក្មេងស្រីទទួលបានការការពារ ការអប់រំ និងការគាំទ្រពេញលេញ ពួកគេនឹងធំធាត់ឡើងក្លាយជាស្ត្រីដែលមានសមត្ថភាព ម្ចាស់ការ និងជាសសរទ្រូងដ៏រឹងមាំក្នុងការកសាងគ្រួសារ និងសង្គមជាតិប្រកបដោយអារ្យធម៌ខ្ពស់៕