អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើស្បៃខ្មែរលាក់នូវអាថ៌កំបាំងនៃតម្លៃពិតរបស់ស្រ្តីខ្មែរយ៉ាងណា?
09-11-2026 00:00
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងសង្គមខ្មែរ បើនិយាយអំពីប្រពៃណីពាក់ស្បៃរបស់ស្រ្តីខ្មែរ មិនត្រឹមតែជាគ្រឿងលម្អកាយលើសម្លៀកបំពាក់តាំងពីបឋមកាលមកទេ ប៉ុន្តែថែមទាំងជានិមិត្តរូបដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងលាក់នូវអាថ៌កំបាំងនៃតម្លៃពិតរបស់ស្ត្រីខ្មែរដ៏អស្ចារ្យដូចខាងក្រោម៖
១. តម្លៃវប្បធម៌, ស្បៃដែលគ្របដណ្តប់លើស្មា លម្អកាយលើសម្លៀករបស់ស្ត្រីខ្មែរ បង្ហាញពីរបៀបរៀបរយ ទន់ភ្លន់ សុភាពរាបសា ស្ងប់ស្ងាត់ ស្រគត់ស្រគំ និងរឹងមាំ ដែលជាអត្តសញ្ញាណនៃស្ត្រីគ្រប់លក្ខណ៍។ តំណាងឲ្យភាពសុចរិត ព្រហ្មចរិយធម៌ សេចក្តីថ្លៃថ្នូរ និងចេះដឹងខុសត្រូវតាមគន្លងប្រពៃណីរបស់នារីខ្មែរតាំងពីបឋមកាល។
២. តម្លៃសីលធម៌, ស្បៃដែលគ្របដណ្តប់លើស្មារបស់ស្ត្រីខ្មែរ បង្ហាញពីភាពបរិសុទ្ធ ចិត្តស្អាតស្អំ ភក្តីភាពស្មោះត្រង់ និងការថែរក្សាកិត្តិយសសង្គមគ្រួសារនិងសង្គមជាតិយ៉ាងខ្ជាប់ខ្ជួន ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ស្ត្រីគ្រប់រូប។ ទន្ទឹមនឹងនេះស្បៃ ប្រើប្រាស់ក្នុងកិច្ចពិធីសាសនា ឬពិធីបុណ្យប្រពៃណីជាតិ បង្ហាញពីភាពស្អាតស្អំតាមគន្លងផ្លូវធម៌ និងការគោរពសក្ការៈដល់ព្រះរតនត្រ័យដ៏ប្រសើរខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម។
៣. តម្លៃពរជ័យពីសង្គមដ៏ឧត្តុង្គឧត្តម, ស្បៃក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ
បង្ហាញពីសិរីមង្គល ជានិមិត្តរូបនៃការផ្តល់សិទ្ធិអំណាច និងការដឹកនាំផ្លូវតម្រង់ទិសដោយក្តីស្រឡាញ់ ព្រមទាំងការចាប់ផ្តើមកសាងជីវិតសង្គមគ្រួសារថ្មី ដែលពោរពេញទៅដោយក្តីសង្ឃឹម ជាស្ពានចម្លងសេចក្តីសុខសុភមង្គល ភាពរីកចម្រើន និងទទួលបានពរជ័យកិត្តិយសមហាប្រសើរពីសង្គមទាំងមូលចីរកាល។
ជាសរុបលោក រ័ត្ន សណ្តាប់ បញ្ជាក់ថាហេតុនេះស្បៃខ្មែរ យើងពុំអាចយកទៅប្រើប្រាស់ដោយគ្មានភាពហ្មត់ចត់ក្នុងតម្លៃវប្បធម៌បែបពាសវាលពាសកាល ដូចករណីយើងឃើញប្រទេសជិតខាងយើង ប្រើស្បៃដើម្បីថតបិតអត្ដសញ្ញាណប័ណ្ណ បែបអត្ថន័យសើរៗរាក់ៗ ឬគ្រាន់តែដើម្បីទាក់ទាញចំណាប់អារម្មណ៍មួយពេលៗខ្លី និងលេងសើចពាសវាលពាសកាល គ្មានក្បួនខ្នាតទ្បើយ។
ដូច្នេះស្បៃក្នុងតម្លៃស្រ្តីខ្មែរ ជាស៊ុមវប្បធម៌ ដែលហ៊ុំព័ទ្ធកាយ និងចិត្តរបស់ស្ត្រីខ្មែរឲ្យស្ថិតក្នុងភាពស្រស់ស្អាត សុចរិត និងគួរឲ្យគោរព តំណាងឲ្យភាពបរិសុទ្ធ និងសិរីសួស្តី ជាអត្តសញ្ញាណវប្បធម៌ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសោភ័ណភាព សីលធម៌ និងតម្លៃដ៏ខ្ពង់ខ្ពស់របស់ស្ត្រីខ្មែរ និងសង្គមជាតិតាំងពីបុរាណកាលមក៕



