ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា រៀបចំមហោស្រពណាឌ្រី ដែលជាព្រឹត្តិការណ៍បង្ហាញ វប្បធម៌ខ្មែរ និងកូរ៉េខាងត្បូង
08-11-2026 20:55
(ភ្នំពេញ)៖ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានរៀបចំមហោស្រពណាឌ្រីឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍បង្ហាញវប្បធម៌ខ្មែរ និងកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦ និង៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េខាងត្បូង ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រឹត្តិការណ៍វប្បធម៌ខ្មែរ-កូរ៉េប្រចាំឆ្នាំ២០២៦នេះ បានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌របស់ប្រទេសទាំងពីរ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងកូរ៉េ។
ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើនរួមមាន៖ ការស្លៀកសម្លៀកបំពាក់ហាន់ប៊ុក, ការរៀនធ្វើនំប្រពៃណី, ការសម្ដែងក្បាច់គុនតេក្វាន់ដូ និងល្បុក្កតោ, ការសម្តែងសិល្បៈចាប៉ីដងវែង,ការប្រគុំតន្ត្រី K-POP, ការដើរបង្ហាញម៉ូតសម្លៀកបំពាក់របស់ប្រទេសទាំងពីរ, ការលេងល្បែងកម្សាន្តដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍,ជួបជាមួយនឹងតំណាងសាកលវិទ្យាល័យកូរ៉េចំនួន៦សាកលវិទ្យាល័យ និងថ្នាក់រៀនពិសេស ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត។
លោកសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងក្នុងពិធីបើកមហោស្រពថា បច្ចុប្បន្ន កម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសចំណាប់អារម្មណ៍របស់យុវជនកម្ពុជាចំពោះភាសា និងវប្បធម៌កូរ៉េ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។ ដូច្នេះមហោស្រព Nadri K-Festival នេះ មិនត្រឹមតែជាកម្មវិធីបង្ហាញវប្បធម៌កូរ៉េប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏មានតម្លៃសម្រាប់ការស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានគូសរំលេចថា អស់រយៈពេលជិត ១០ឆ្នាំកន្លងមកនេះ មហោស្រពណាឌ្រី បានក្លាយជាពិធីបុណ្យវប្បធម៌ដ៏មានប្រជាប្រិយភាព ដោយសារតែសេចក្តីស្រឡាញ់ពេញចិត្តរបស់ប្រជាជនកម្ពុជាចំពោះប្រទេសកូរ៉េ។
លោក គីម ឆាងយ៉ុង បានលើកឡើងដែរថា ក្រៅពីមហោស្រពវប្បធម៌ណាឌ្រី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ស្ថានទូតតែងតែបង្កើតឱកាសជាបន្តបន្ទាប់តាមរយៈព្រឹត្តិការណ៍វប្បធម៌ចម្រុះ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរបានចែករំលែកមោទនភាព និងសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា។ ជាពិសេសនៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េ និងកម្ពុជា ដែលជាឆ្នាំដ៏មានអត្ថន័យបំផុត ដូច្នេះហើយស្ថានទូតនឹងបង្កើតព្រឹត្តិការណ៍សប្បាយៗ ជាច្រើនទៀត ដើម្បីឱ្យប្រជាជនទាំងពីរកាន់តែយល់ចិត្ត និងស្គាល់គ្នាទៅវិញទៅមកបានកាន់តែច្រើន៕













