មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់សមាគម និងដៃគូពាក់ព័ន្ធ បន្តចែករំលែក ពង្រឹងសមត្ថភាព បង្កើនធនធានមនុស្ស និងធ្វើការងារជាក្រុម ដើម្បីសង្គ្រោះជីវិតមាតា និងទារក ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
08-11-2026 20:29
(ភ្នំពេញ)៖ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញដល់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា (SCARMU) សមាគមគិលានុបដ្ឋាកឯកទេសដាក់ថ្នាំសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា (AISARC) និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យកាន់តែស៊ីជម្រៅ ចែករំលែកបទពិសោធន៍ល្អដែលខ្លួនមាន ហើយបន្តបណ្តុះបណ្តាលដល់ក្រុមការងារ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស ដើម្បីរួមគ្នាសង្គ្រោះមាតា និងទារក ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្រ្តាចារ្យ ក្នុងឱកាសតំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣០ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា (SCARMU) និងលើកទី២៣ របស់សមាគមគិលានុបដ្ឋាកឯកទេសដាក់ថ្នាំសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា (AISARC) ដែលផ្តោតទៅលើប្រធានបទ «ការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការសង្គ្រោះបន្ទាន់ ប្រពោធនកម្ម និងវះកាត់ (ECO) ផ្នែកសម្ភព» (Enhancing Effective and Efficient Emergency, Critical and Operative (ECO) Care in Obstetrics) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកស្រីសាស្រ្តាចារ្យបានថ្លែងបន្តថា ប្រធានបទនៃសន្និសីទឆ្នាំនេះ គឺពិតជាមានសារសំខាន់ និងស្របគ្នាយ៉ាងជ្រាលជ្រៅទៅនឹងគោលនយោបាយអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ក្នុងនាមជាប្រធានកម្មវិធីជាតិនៃការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះការរួមបញ្ចូលគ្នារវាងការងារសណ្តំ ប្រពោធនកម្ម សង្គ្រោះបន្ទាន់ និងការងារសម្ភព រោគស្ត្រី ដែលជាសសរស្ដម្ភមិនអាចខ្វះបាន ក្នុងការធានាសុវត្ថិភាពខ្ពស់ជូនមាតា និងទារក ក្នុងអំឡុងពេល និងក្រោយពេលសម្រាល ឬវះកាត់។
នាឱកាសនោះលោកស្រីសាស្រ្តាចារ្យបានផ្តល់អនុសាសន៍ណែនាំដល់សមាគមទាំងពីរថា «ដើម្បីរក្សានូវប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពជូនដល់មាតា និងទារក សូមឱ្យបង្កើតជាវគ្គបណ្តុះបណ្តាលបច្ចេកទេសឱ្យបានច្រើនទូទាំងប្រទេស និងបន្តធ្វើជាប្រចាំ ដើម្បីទទួលបាននូវចំណេះដឹងថ្មី និងរំលឹកនូវបទពិសោធន៍កន្លងមក និងត្រូវយកចំណេះដឹងដែលបានរៀន ទៅចែករំលែក និងអនុវត្តក្នុងក្រុមការងារ (team work) ដើម្បីការព្យាបាលប្រកបដោយជោគជ័យ»។
ជាមួយគ្នានេះលោកស្រីបានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមទាំងពីរ (SCARMU និង AISARC) ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តរៀបចំសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំជាទៀងទាត់រហូតមក។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជាការបើកទូលាយនូវវេទិកាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជាទៀតផង។
ទន្ទឹមនឹងនេះលោកស្រីសាស្រ្តាចារ្យ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អតីតស្ថាបនិកសមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា ប្រធានសមាគមដៃគូ និងថ្នាក់ដឹកនាំផ្នែកវេជ្ជសាស្ត្រនានា ដែលបានផ្តល់នូវការចង្អុលបង្ហាញ និងការគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យសណ្តំ និងសង្គ្រោះបន្ទាន់នៅកម្ពុជា។ ជាពិសេសដល់វាគ្មិនជាតិ និងអន្តរជាតិ មកពីប្រទេសអូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលបានចំណាយពេលវេលា និងផ្តល់កិត្តិយសចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍គ្លីនិកដ៏មានតម្លៃក្នុងអង្គសន្និសីទ។
នាឱកាសនោះប្រធានសមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា លោកវេជ្ជបណ្ឌិត ង៉ែត ប៉ាធី បានថ្លែងប្តេជ្ញាចិត្ត និងអនុវត្តន៍ឱ្យខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកបានបន្តថា វត្តមានរបស់លោកស្រីរដ្ឋលេខាធិការ ជាសក្ខីភាព និងជាការបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពស្ត្រីនិងមាតា ជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងដល់ការងារពិនិត្យ និងតាមដានអត្រាមរណភាពមាតានិងទារក ព្រមទាំងការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថាសន្និសីទប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងចំនួន២ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលសមាគមបានរៀបចំសិប្បសាលាដោយជោគជ័យស្តីអំពី «ការអប់រំស្តង់ដាអំពីការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម» ដែលមានសិក្ខាកាមចូលរួមចំនួន៥៣នាក់ មកពីបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្តទូទាំងប្រទេស៕




























